រដ្ឋាភិបាលប្រទេសស្រីលង្ការំពឹងថា នឹងមានការអនុម័តចុងក្រោយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ចីជិត៣ ពាន់លានដុល្លារក្នុងសប្តាហ៍ទី ៣ ឬទី ៤ នៃខែនេះ។
លោកប្រធានាធិបតីស្រីលង្ការ Ranil Wickremesinghe បានប្រាប់សភាកាលពីថ្ងៃអង្គារថា ស្រីលង្កា រំពឹងថានឹងមានការអនុម័តចុងក្រោយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ចីចំនួន ២,៩ ពាន់លានដុល្លារថ្មីចន្លោះសប្តាហ៍ទី ៣ ឬទី ៤ នៃខែនេះ។ រដ្ឋបាលរបស់ Wickremesinghe បានដាក់ការដំឡើងពន្ធយ៉ាងខ្លាំង បញ្ចប់ការឧបត្ថម្ភធនលើប្រេងឥន្ធនៈ និងអគ្គិសនី និងបានរៀបចំផែនការលក់សហគ្រាសរដ្ឋដែលខាតបង់ ដើម្បីបំពេញលក្ខខណ្ឌនៃថវិកាសង្គ្រោះរបស់ IMF ។ ការរំពឹងទុកនេះ ក៏បានកើតឡើងក្រោយគ្នាកាលពីថ្ងៃចន្ទនៅពេល ដែលស្រីលង្ការបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសចិន ដែលជាម្ចាស់បំណុល។ លោក Wickremesinghe បានប្រាប់សភាថា ជាមួយនឹងការគាំទ្រជាថ្មីពីប្រទេសចិន តម្រូវការថវិកាទាំងអស់ត្រូវបានបំពេញ។ កាលពីខែមករា ធនាគារនាំចេញ-នាំចូលរបស់ចិនបានប្រកាសពទុកពេលរយៈពេលពីរឆ្នាំឲ្យស្រីលង្ការក្នុងការសងបំណុល ហើយបាននិយាយថា ខ្លួននឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ ដើម្បីឲ្យឆាប់បានទទួលការធានាប្រាក់កម្ចីពី IMF។ រដ្ឋមន្ត្រីការបរទេសចិន Qin Gang កាលពីថ្ងៃអង្គារបាននិយាយថា ប្រទេសនេះនឹងបន្តចូលរួមក្នុងការដោះស្រាយបញ្ហាបំណុលអន្តរជាតិក្នុងលក្ខណៈស្ថាបនា។
អ្នកវិភាគបាននិយាយថា រូបិយប័ណ្ណរូពីរបស់ប្រទេសស្រីលង្កាបានឡើងដល់កម្រិតពាក់កណ្តាលនៃ ៣២៥ កាលពីថ្ងៃអង្គារ ដោយបានកើនឡើង ១២ ភាគរយ ធៀបនឹងអត្រាការប្រាក់ដែលកំណត់ដោយធនាគារកណ្តាលនៃ ៣៣៧.៦៧ ក្រោយវិបត្តិសេដ្ឋកិច្ចដ៏គួរឲ្យខ្លាច នាពេលកន្លងទៅ។ នោះក៏ដោយសារតែលំហូរប្រាក់ដុល្លារកាន់តែប្រសើរឡើងចូលស្រីលង្ការតាមរយៈវិស័យទេសចរណ៍ និងការផ្ទេរប្រាក់ និង លទ្ធភាពវិជ្ជមាននៃការជិតមកដល់នៃ កិច្ចព្រមព្រៀង IMF។
គួរដឹងថា ប្រទេសចិន និងឥណ្ឌា គឺជាប្រទេសផ្តល់កម្ចីធំបំផុតរបស់ស្រីលង្កា។ យោងតាមទិន្នន័យរបស់ IMF បានឱ្យដឹងថា នៅចុងឆ្នាំ ២០២០ ស្រីលង្កាបានជំពាក់ធនាគារ Exim Bank របស់ចិនចំនួន ២.៨៣ ពាន់លានដុល្លារ ឬ ៣.៥ ភាគរយនៃបំណុលខាងក្រៅប្រទេសនេះ។ បើតាមការគណនាដោយ China Africa Research Initiative បានបង្ហាញថា ប្រទេសស្រីលង្កាជំពាក់អ្នកឱ្យខ្ចីចិនចំនួន ៧.៤ពាន់លានដុល្លារ ឬជិតមួយភាគប្រាំនៃបំណុលខាងក្រៅសាធារណៈនៅដំណាច់ឆ្នាំ ២០២២៕
ប្រភព៖ ALJAZEERA