ផ្លូវថ្មីដែលត្រូវសាងសង់នាពេលខាងមុខនោះគឺផ្លូវ៥០សេ (50C) ប្រវែង ៥៨គីឡូម៉ែត្រ ដែលមានទាំងផ្លូវ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ ផ្លូវមួយនេះនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៤។ គម្រោងផ្លូវ ៥០សេនេះ គ្រោងស្នើសុំថវិកាពីរដ្ឋាភិបាលចិនផងដែរ។
នៅល្ងាច ទី៩ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធឡើងនៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ តាមរយៈគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ រវាងខេត្តក្រចេះទៅខេត្តកំពង់ធំ និងពីខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង។ សម្តេចតេជោ ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវបន្តជំរុញកិច្ចការវាស់វែង និងឆ្វៀលដីចេញពីតំបន់២ និងតំបន់៣ នៃផ្ទៃបឹងទន្លេសាប ឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតំបន់១ និងការអាស្រ័យផលនៅតំបន់២ និងបន្តរស់នៅអាស្រ័យផលនៅតំបន់៣។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គម្រោងផ្លូវ និង ស្ពាននេះមានសារៈសំខាន់ណាស់ ដើម្បីតភ្ជាប់ពីក្រុងកំពងឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្ត កំពង់ធំ មានប្រវែង ៥៨ គីឡូមែត្រ ដែលគ្រោងនឹងចំណាយថវិការប្រមាណ ១៥០ លានដុល្លារ ព្រមជាមួយនេះដែរ ក៏នឹងមាន សងស្ពាន ៣៣០០ ម៉ែត្រមួយទៀត ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១០០ លានដុល្លារ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានបែងចែកដីបឹងទន្លេសាបជា ៣តំបន់ក្នុងនោះតំបន់៣ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើម្ចាស់កម្មសិទ្ធិបាន តំបន់២ អាចអាស្រ័យផល តែមិនអាចធ្វើម្ចាស់បាន និងតំបន់ ១ អាចអាស្រ័យផល និងអាចធ្វើម្ចាស់កម្មសិទ្ធិបាន ក្នុងនោះ ចំណុចសំខាន់ គឺការគិតគូរដល់ការអភិរក្ស និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងទន្លេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសមិនខ្លាចញញើតក្នុងការប្រើប្រាស់មធ្យោបាយ និងវិធានការចំពោះអ្នកដែលមានបំណង ឬធ្វើសកម្មភាពបំផ្លាញសន្តិភាពរបស់ប្រទេសកម្ពុជានោះឡើយ។
សម្ដេចតេជោបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ស្វាយចន្ទីរបស់ប្រទេសកម្ពុជាបានហួសប្រទេសកូឌីវ័រ ដែលមានត្រឹម១.១តោន (១លាន១សែនតោន) ប៉ុន្ដែកម្ពុជាមានស្វាយចន្ទីចំនួន១.១៨ លានតោន (១លាន១សែន៨ម៉ឺនតោន) រួចស្រេចទៅហើយ។សម្ដេចតេជោសង្ឃឹមថា កម្ពុជានាពេលអនាគត បន្ទាប់ពីមានសន្ដិភាព បូកជាមួយនឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព គឺមួយផ្នែកទាក់ទាញទេសចរណ៍ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺផលិតកម្ម ដែលបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ទេសចរណ៍៕