ប្រជាជាតិនៅតំបន់អាស៊ីអគ្នេយ៍ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រជាជាតិដែលមានមូលដ្ឋានគាំទ្រដល់កំណើនសេដ្ឋកិច្ចដ៏ខ្ពស់ប្រចាំឆ្នាំ២០២៣ នេះបើតាមការវិភាគរបស់ក្រុមហ៊ុនធានារ៉ាប់រងមួយ ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ ។
របាយការណ៍"Regional Economic Outlook Asia" របស់ក្រុមហ៊ុន Atradius បានអះអាងថា ទោះបីជាផ្នែកផ្សេងៗនៃពិភពលោកបានរងព្យុះភ្លៀងនៃស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនអំណោយផល និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅលើពិភពលោកក៏ដោយចុះ ក៏ប្រទេសនានានៅអាស៊ី ជាពិសេសគឺអាស៊ីអាគ្នេយ៍ ត្រូវបានគេរំពឹងថា នឹងប្រកាសពីកំណើន សេដ្ឋកិច្ចកាន់តែខ្ពស់នៅឆ្នាំ ២០២៣ ។
លោក Bert Burger សេដ្ឋវិទូនៅក្នុងក្រុមហ៊ុននេះ បាននិយាយថា សេដ្ឋកិច្ចអាស៊ីកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកកំណើនដ៏ប្រសើរ ហើយអាស៊ីអាគ្នេយ៍វិញ គឺមានមូលដ្ឋានសេដ្ឋកិច្ចកាន់តែរឹងមាំ ។
នៅក្នុងឆ្នាំនេះឥណ្ឌានៅក្នុងនាមជាប្រជាជាតិ ដែលមានប្រជាពលរដ្ឋច្រើនជាងគេលំដាប់ទី២នៅលើពិភពលោក គឺនឹងទទួលបានកំណើនសេដ្ឋកិច្ចដល់ទៅ ៨%ឯណោះ។ ចំណែកចិន ដែលមានប្រជាពលរដ្ឋច្រើនជាងគេ ហើយទើបតែបើកប្រទេសឡើងវិញនៅប៉ុន្មានខែថ្មីៗនេះ គឺអាចនឹងទទួលកំណើនសេដ្ឋកិច្ច ៤,៥%។
ប្រភពដដែលបានឲ្យដឹងទៀតថា កំណើនសេដ្ឋកិច្ចនៅប្រទេសជប៉ុនអាចទទួលបានត្រឹមតែ ០,៧% និងកូរ៉េខាងត្បូងនឹងមានកំណើន ០,៨% ប៉ុណ្ណោះ ដោយសារតែអត្រាអតិផរណាខ្ពស់ ប៉ុន្តែ សម្រាប់ប្រទេសធំៗនៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា ហ្វីលីពិន គឺអាចនឹងទទួលបានកំណើន ៤,១% ហើយ ថៃនិង វៀតណាម អាចទទួលបានកំណើន ប្រមាណ ៤% រីឯឥណ្ឌូនេស៊ី គឺ ៣,៦%។
លោក Bert Burger បាននិយាយថា ក្រៅពីប្រទេសដែលមានសេដ្ឋកិច្ចធំៗជាងគេនៅអាស៊ី ដូចជា ចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង អាស៊ីអាគ្នេយ៍ គឺជាតំបន់ដែលមានមូលដ្ឋានសេដ្ឋកិច្ច រឹងមាំបំផុត ។
លោកបានបញ្ជាក់ថា ជាមួយនឹងសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ តំបន់នេះកាន់តែមានភាពធន់នឹងការប៉ះទង្គិចខាងក្រៅ ដែលធ្វើឱ្យប្រជាជាតិនៅក្នុងតំបន់ទំនងជាទទួលបានអត្ថប្រយោជន៍ពីនិន្នាការនៃការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកកាន់តែខ្លាំងបន្ថែមទៀត៕