Alynana Media Cambodia
Icon Collap
clinic narit

ហេតុអ្វីបានជាសក្តានុពលនៃការនាំចេញរបស់វៀតណាម ប្រែជាលើសតម្រូវការទីផ្សារអន្តរជាតិទៅវិញ?

Admin Alynana | Mar 14, 2023
ហេតុអ្វីបានជាសក្តានុពលនៃការនាំចេញរបស់វៀតណាម ប្រែជាលើសតម្រូវការទីផ្សារអន្តរជាតិទៅវិញ?
Clinic narith

(វៀតណាម)៖ សេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើង ៨% កាលពីឆ្នាំមុន ដោយសារក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចយក្សៗដូចជា Samsung, LG និងក្រុមហ៊ុន Foxconn ជាដើម ដែលមានមូលដ្ឋានក្នុងប្រទេសវៀតណាម បានជំរុញការនាំចេញក្នុងទំហំមួយដ៏ធំ។ ប៉ុន្តែឥឡូវនេះ តម្រូវការនៅក្រៅប្រទេសកំពុងធ្លាក់ចុះ ចំពេលមានបញ្ហាខ្វះឥណទានក្នុងស្រុក បូករួមនឹងយុទ្ធនាការបង្ក្រាបអំពើពុករលួយផងនោះ បានជំរុញឱ្យមានតម្រូវការក្នុងស្រុកចុះទន់ខ្សោយគួរឲ្យកត់សម្គាល់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

ជាការពិត វៀតណាម ត្រូវបានគេមើលឃើញថា ជាជម្រើសទិសដៅវិនិយោគជំនួសប្រទេសចិន និងជម្រើសល្អបំផុតមួយសម្រាប់ក្រុមហ៊ុនផលិតកម្មទៅបណ្តាក់ទុន ដោយសារថ្លៃពលកម្មនៅវៀតណាមថោក។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទំនាក់ទំនងដ៏កក់ក្តៅជាមួយទីក្រុងវ៉ាស៊ីនតោនផងនោះ វៀតណាមបានសង្គ្រោះក្រុមហ៊ុនផលិតរបស់ខ្លួនពីពន្ធគយ និងបានបញ្ជៀសទណ្ឌកម្ម ដែលអាមេរិកបានដាក់មកលើប្រទេសក្បែរខាងរបស់ខ្លួន គឺប្រទេសចិន។ ដូចនេះ ទីក្រុងហាណូយបានទទួលផលប្រយោជន៍ទាំងសងខាងក្នុងពេលតែមួយ។

បើតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមកាលពីឆ្នាំមុនបង្ហាញថា ប្រាក់ចំណូលនៃការនាំចេញបច្ចុប្បន្នរបស់វៀតណាមមានជាង ៣៧២ ពាន់លានដុល្លារ ដែលស្មើនឹង ៩០% នៃទិន្នផលសរុបកាលពីឆ្នាំមុន។ ប៉ុន្តែ ឥឡូវនេះតម្រូវការនៅក្រៅប្រទេសកំពុងជាប់គាំង ខណៈដែលប្រទេសនេះកំពុងមានការខ្វះខាតទីផ្សារអ្នកប្រើប្រាស់ដ៏ធំសម្បើមរបស់ប្រទេសចិន។ ទោះបីថា កម្មករវៀតណាម វ័យក្មេងច្រើនជាងចិនក្ដី ពួកគេចាស់ជាងបើធៀបនឹងពលករនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងឥណ្ឌា ដូច្នេះការប្រកួតប្រជែងតម្លៃពលកម្មរបស់វៀតណាមប្រហែលជាមិនស្ថិតស្ថិរឡើយ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាមកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំមុនបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងជាង ៨% ក្នុងឆ្នាំ២០២២ ដែលជាល្បឿនប្រចាំឆ្នាំលឿនបំផុតចាប់តាំងពីឆ្នាំ១៩៩៧មក។ ការនាំចេញរបស់វៀតណាមមានលក្ខណៈថេរក្នុងខែកុម្ភៈកន្លងទៅ ហើយបានធ្លាក់ចុះជាង ២៣% នៅក្នុងខែមករា បើធៀបនឹងឆ្នាំមុន៕