Alynana Media Cambodia
Icon Collap
clinic narit

ចិនចេញមុខព្រមាន អូស្រ្តាលី អង់គ្លេស និងអាមេរិក ថាកំពុងតែដើរលើផ្លូវខុស ក្រោយទើបប្រកាសព័ត៌មានលម្អិត ទាក់ទងការទិញនាវាមុជទឹក

Admin Alynana | Mar 14, 2023
ចិនចេញមុខព្រមាន អូស្រ្តាលី អង់គ្លេស និងអាមេរិក ថាកំពុងតែដើរលើផ្លូវខុស ក្រោយទើបប្រកាសព័ត៌មានលម្អិត ទាក់ទងការទិញនាវាមុជទឹក
Clinic narith

 

(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ចិនបានចេញមុខព្រមានថា អូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក កំពុងតែដើរលើផ្លូវខុសនិងប្រកបដោយគ្រោះថ្នាក់ បន្ទាប់ពីពួកគេទើបតែបានប្រកាសពីព័ត៌មានលម្អិតបន្ថែម ទាក់ទងនឹងកិច្ចព្រមព្រៀងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បាននិយាយដូច្នេះថា «សេចក្តីថ្លែងការណ៍រួមចុងក្រោយបំផុតពីសំណាក់អាមេរិក អង់គ្លេស និងអូស្រ្តាលី បានបង្ហាញឱ្យឃើញថា ប្រទេសទាំងបីដើម្បីតែផលប្រយោជន៍ភូមិសាស្រ្តនយោបាយរបស់ពួកគេផ្ទាល់ បានធ្វើជាមិនអើពើទាំងស្រុងចំពោះក្តីកង្វល់របស់សហគមន៍អន្តរជាតិ ហើយកំពុងតែដើរកាន់តែឆ្ងាយទៅៗនៅលើគន្លងផ្លូវមួយ ដែលខុសនិងពោរពេញដោយគ្រោះថ្នាក់»។

លោក វ៉ាង បានបន្តថា សម្ព័ន្ធមិត្តទាំង៣នេះ កំពុងនាំឱ្យមានការរត់ប្រណាំងសព្វាវុធ ហើយថាកិច្ចព្រមព្រៀងនាវាមុជទឹករបស់ពួកគេ គឺជាឧទាហរណ៍ជាក់​ស្តែងទូទៅមួយ នៃផ្នត់គំនិតបែបសម័យសង្រ្គាមត្រជាក់។ បើតាមអ្នកនាំពាក្យចិនរូបនេះ កិច្ចព្រមព្រៀងខាងលើ បង្កហានិភ័យធ្ងន់ធ្ងរនៃការរីកសាយនុយក្លេអ៊ែរ និងរំលោភលើ​គោលបំណងនិងកម្មវត្ថុ នៃនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសបន្ថែមពីព័ត៌មានលម្អិតស្ដីពីវិធីដែលអូស្ត្រាលី ត្រូវទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ដែលត្រូវបានបង្កើតឡើងកាលពីជាង១៨ខែមុន។ ទីក្រុងកង់បេរ៉ានឹងអាចទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាមេរិក បានរហូតដល់៥គ្រឿង ហើយបន្ទាប់មកនឹងអភិវឌ្ឍនាវាមុជទឹកម៉ូដែលថ្មីមួយ ដោយប្រើបច្ចេកវិទ្យាអាមេរិកនិងអង់គ្លេស នៅក្រោមផែនការសំដៅពង្រឹងសាច់ដុំរបស់លោកខាងលិច នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ចំពោះមុខកើនឡើង​ឥទ្ធិពលរបស់ចិន។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសង្កត់ធ្ងន់ថា អូស្រ្តាលីនឹងមិនទទួលបានអាវុធនុយក្លេអ៊ែរឡើយ នៅក្រោមកិច្ចព្រមព្រៀងទិញនាវាមុជទឹកនោះ ក៏ប៉ុន្តែការទទួលបានប្រភេទនាវាមុជទឹក ដែលផ្តល់ថាមពលដោយរ៉េអាក់ទ័រនុយក្លេអ៊ែរទាំងនេះ នឹងបញ្ចូលអូស្រ្តាលីទៅក្នុងក្រុមប្រទេសពិសេសផ្នែកបច្ចេកវិទ្យា​នាវាមុជទឹកនុយក្លេអ៊ែរ ហើយក៏ស្ថិតនៅជួរមុខផងដែរនៃកិច្ចប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការរាំងខ្ទប់ការពង្រីកយោធារបស់ប្រទេសចិន៕