Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​និងសឹង្ហបុរីរួមគ្នាអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី ឆ្ពោះទៅរកចក្ខុវិស័យនៃការតភ្ជាប់ បណ្តាញអគ្គិសនីអាស៊ាន

Admin Alynana | Mar 17, 2023
កម្ពុជា​និងសឹង្ហបុរីរួមគ្នាអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី ឆ្ពោះទៅរកចក្ខុវិស័យនៃការតភ្ជាប់ បណ្តាញអគ្គិសនីអាស៊ាន
Clinic narith

 

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អមដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមេសម្រាប់ការទិញលក់ថាមពលអគ្គិសនីរវាងក្រុមហ៊ុន Royal Group Power Co.,Ltd និងក្រុមហ៊ុន Keppel Energy Pte.Ltd​ នៅប្រទេសសឹង្ហបុរី។

គម្រោងនេះ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលកម្ពុជា​និងសឹង្ហបុរីរួមគ្នាអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី និងត្រៀមបោះជំហានឆ្ពោះទៅរកចក្ខុវិស័យនៃការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន និងលើកកម្ពស់សន្តិសុខ​ និងចីរភាពថាមពលក្នុងតំបន់។

កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយក្រោមក្របខណ្ឌនៃអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-សឹង្ហបុរី ហើយជាគម្រោងពាណិជ្ជកម្មថាមពលខ្នាតធំដំបូងរវាងកម្ពុជានិងសឹង្ហបុរី ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលគម្រោងនេះមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ការធ្វើពាណិជ្ជកម្មថាមពល និងសមាហរណកម្មលើវិស័យថាមពលអគ្គិសនីរវាងរដ្ឋសមាជិកអាស៊ានរួមមាន កម្ពុជា និងសឹង្ហបុរីផងដែរ និងស្របតាមផែនការមេតភ្ជាប់សហគមន៍អាស៊ាន២០២៥។ 

ជាជំហានដំបូង ក្រុមហ៊ុនទាំងពីរ នឹងធ្វើការសិក្សាសមិទ្ធិលទ្ធភាពពេញលេញ និងប្រមូលទិន្នន័យដែនសមុទ្រលើទីតាំងជាក់ស្តែង នៅក្នុងភូមិសាស្ត្រដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខកម្ពុជានៃគម្រោងខ្សែកាបកប់តាមបាតសមុទ្រ ដោយការងារនេះនឹងត្រូវចាប់ផ្តើមក្នុងអំឡុងខែមីនានេះ រហូតដល់ដំណាច់ឆ្នាំ២០២៣ ខាងមុខ។ 

ជាមួយគ្នានេះដែរ ប្រទេសទាំងពីរ បន្តបេ្តជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងភាពជាដៃគូ​និងបើកលំហូរវិនិយោគឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីឆ្ពោះទៅរកអព្យាក្រឹត្យកាបូននាពេលអនាគត ទន្ទឹមជាមួយនឹងការពង្រឹងសន្តិសុខថាមពល និងការកាត់បន្ថយកាបូនឱ្យបានដូចគ្នាក្នុងពេលតែមួយ ក៏ដូចជាសម្រេចឱ្យបាននូវចក្ខុវិស័យនៃការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន៕