ក្រសួងការបរទេសចិនបានជូនដំណឹងថា លោកប្រធានាធិបតីចិនស៊ីជីនពីង នឹងជួបជាមួយលោកពូទីនមេដឹកនាំរុស្ស៊ីនៅក្នុងដំណើរទស្សនៈកិច្ចទៅរុស្ស៊ីសប្តាហ៍ក្រោយ។ នេះដោយយោងតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មានCNN។
ក្រសួងការបរទេសចិនបាននិយាយថា ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ (ទី ២០ ដល់២២)សប្តាហ៍ក្រោយ តាមការអញ្ជើញរបស់លោកពូទីន ហើយបានបញ្ជាក់ថាសង្រ្គាមនៅអ៊ុយក្រែននឹងក្លាយជាផ្នែកស្នូលនៃកិច្ចចរចានោះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានមានប្រសាសន៍ថា “សំណើរបស់ចិនគឺជំរុញឱ្យមានសន្តិភាព និងជំរុញការចរចា” ខណៈដែកប្រភពពីវិមានក្រឹមឡាំងវិញបានប្រាប់ថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពី បញ្ហានានារួមទាំងប្រធានបទនៃការអភិវឌ្ឍន៍បន្ថែមនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងរុស្ស៊ី និងចិន។
តាមរយៈដំណើរទស្សនកិច្ចនេះ វាត្រូវបានគេមើលឃើញថាជាការបង្ហាញដ៏មានឥទ្ធិពលនៃការគាំទ្ររបស់ទីក្រុងប៉េកាំងចំពោះទីក្រុងមូស្គូ និងក្នុងនាមជាអ្នកសម្របសម្រួលសង្រ្គាម។ វាក៏នឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក Xi ចាប់តាំងពីទទួលបានអាណត្តិទីបីជាប្រធានាធិបតីចិន៕
ប្រភព៖ CNN