ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើក ទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម។
រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធីសាស្ត្រធ្វើឱ្យ កាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ ទំនងទ្វេភាគីដ៏ល្អប្រសើរស្រាប់ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើន ដែលរួមមានវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម ទេសចរណ៍ ការតភ្ជាប់ សុខាភិបាល វប្បធម៌ ការអប់រំ ។ល។ កិច្ចសហការក្នុងក្របខ័ណ្ឌអាស៊ាន រួមទាំងបញ្ហាបន្ទាន់នានានៅក្នុង តំបន់និង អន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាគ្នាផងដែរ ។
ដឹកនាំប្រជុំដោយរដ្ឋមន្រ្ដីការបរទេសនៃប្រទេសទាំងពីរ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី២០នេះ នឹងពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាពដែលសម្រេចបាន អនុលោមតាមកំណត់ ហេតុនៃកិច្ចប្រជុំលើកមុន ព្រមទាំងរៀបចំផែនការថ្មីសម្រាប់សកម្មភាពជាក់ស្ដែង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍ ទៅ វិញទៅមករបស់ប្រទេសនិងប្រជាជនទាំងពីរ។