(កែប-កំពត)៖ រដូវប្រមូលផលអំបិលបានឈានចូលមកដល់បណ្តើរៗហើយ ដោយគិតមកទល់ពេលនេះការប្រមូលផលអំបិលនៅខេត្តកែប និងកំពតសម្រេចបានជាង២ម៉ឺនតោនហើយ ដែលកំពុងផ្តល់ក្តីសង្ឃឹមខ្ពស់សម្រាប់កម្ពុជាក្នុងការផលិតអំបិល ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបម្រើឲ្យផលិតកម្មនានា។
តាមរយៈទិន្នផលដែលទទួលបានក្នុងរយៈពេលជាងពីរខែកន្លងមកនេះបានធ្វើឲ្យថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍រំពឹងថា កម្ពុជានឹងអាចទទួលបានទិន្នផលអំបិលចន្លោះពី៥ទៅ៦ម៉ឺនតោននៅត្រឹមដំណាច់ខែឧសភា ខាងមុខ ប្រសិនអាកាសធាតុអំណោយផលដូចបច្ចុប្បន្ន។
លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចសិប្បកម្មនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា នៅក្នុងរយៈពេលជាងពីរខែកន្លងមកនេះការផលិតអំបិលនៅកម្ពុជាសម្រេចបានជាង២ម៉ឺនតោនហើយ ដែលស្មើជាងពាក់កណ្តាលនៃទិន្នផលអំបិលកាលពីឆ្នាំ២០២២។ កត្តាដែលធ្វើឲ្យការផលិតអំបិលនៅដើមឆ្នាំនេះទទួលបានទិន្នផលល្អប្រសើរ ក៏ដោយសារអាកាសធាតុដែលជាកត្តាកំណត់សម្រាប់ការផលិតអំបិលមានភាពអំណោយនៅប៉ុន្មានខែមកនេះ។ កត្តានេះបានធ្វើឲ្យថ្នាក់នាំរូបនេះរំពឹងថា ការផលិតអំបិលនៅឆ្នាំនេះនឹងទទួលបានទិន្នផលល្អប្រសើរជាងមុន ដោយលោកវាយតម្លៃថា ការផលិតអំបិលនឹងអាចសម្រេចបានចន្លោះពី៥ម៉ឺនទៅ៦ម៉ឺនតោននៅត្រឹមដំណាច់ខែឧសភា ប្រសិនបើអាកាសធាតុអំណោយផលដូចបច្ចុប្បន្ន។
ជុំវិញការផលិតអំបិលនេះដែរ លោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវាវត្តន៍ខេត្តកែបបានគូសបញ្ជាក់ថា ការផលិតអំបិលនៅខេត្តកែបសម្រេចបានជាង៨៤៦តោនគិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដែលជាទិន្នផលល្អប្រសើរមួយ។ ទោះយ៉ាងណា ប្រធានមន្ទីររូបនេះមិនទាន់ហ៊ានវាយតម្លៃពីទិន្នផលនៃការផលិតអំបិលនៅឆ្នាំនេះនោះទេ ក្រោយមានភ្លៀងធ្លាក់មួយមេប្រមាណ១ម៉ោងនៅព្រឹកថ្ងៃទី២០ ខែមីនា ដែលអាចធ្វើឲ្យប៉ះពាល់ការផលិតអំបិលរបស់កសិករមួយរយៈពេលខ្លី។ បើតាមការគូសបញ្ជាក់របស់លោក ប៊ុន យោង តម្លៃអំបិលឆ្នាំនេះមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ ពោលគឺអំបិល១បាវទម្ងន់៥០គីឡូក្រាមលក់ចេញក្នុងតម្លៃ១ម៉ឺន៨ពាន់រៀល។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតសរុបចំនួន ៤ពាន់៥៧៧ហិកតា ដែលអាចផលិតអំបិលបានជាង៩ម៉ឺនតោនក្នុង១ឆ្នាំ ប្រសិនបើផលិតពេញសមត្ថភាព និងអាកាសអំណោយផល។ កម្ពុជាមានតម្រូវការប្រើប្រាស់អំបិលចន្លោះពី៩ទៅ១០ម៉ឺនតោនក្នុង១ឆ្នាំ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាផលិតអំបិលបានជាង៣ម៉ឺន២ពាន់តោនតែប៉ុណ្ណោះ ដែលបង្ខំឲ្យកម្ពុជាត្រូវនាំចូលអំបិលពីប្រទេសឥណ្ឌាចំនួន១ម៉ឺន៦ពាន់តោន ដើម្បីបម្រុងទុក និងបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។ កត្តាដែលធ្វើឲ្យទិន្នផលការផលិតអំបិលនៅកម្ពុជាមានការធ្លាក់ចុះ គឺដោយសារបញ្ហាអាកាសធាតុ កង្វះកម្លាំងពលកម្ម និងដើមទុនជាដើម៕