ប្រទេសកូរ៉េខាងត្បូងបានប្រកាស “បញ្ជីហាមប្រាម” ការនាំចេញរបស់របរពាក់ព័ន្ធនឹងការអភិវឌ្ឍផ្កាយរណបទៅកាន់ប្រទេសកូរ៉េខាងជើង ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចូលទៅក្នុងសមុទ្ររវាងឧបទ្វីបកូរ៉េ និង ជប៉ុន។
ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា សម្ភារសរុបចំនួន ៧៧ នៅក្នុងបញ្ជីនឹងត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅកាន់ប្រទេសកូរ៉េខាងជើងតាមរយៈប្រទេសទីបីណាមួយឡើយ ដោយបន្ថែមថា វិធានការនេះគឺសំដៅបង្កើនការអនុវត្តទណ្ឌកម្មលើរបបផ្តាច់មុខ។ បញ្ជីនេះផ្តោតជាពិសេសទៅលើសម្ភារបច្ចេកវិទ្យាដែលប្រើសម្រាប់ការអភិវឌ្ឍន៍ផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួននឹងអភិវឌ្ឍផ្កាយរណបចារកម្មថ្មីមួយនៅខែមេសាឆ្នាំនេះ។
ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធជាច្រើនដងកាលពីឆ្នាំមុន ហើយបានបាញ់សាកល្បងអាវុធ ICBM ដ៏ធំបំផុតរបស់ខ្លួន Hwasong-17 កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអ្វីដែលខ្លួនហៅថា “ការព្រមាន” ដល់សត្រូវ។ ក្រសួងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងក៏បានដាក់ទណ្ឌកម្មថ្មីលើបុគ្គលចំនួនបួននាក់ និងអង្គភាពចំនួនប្រាំមួយ ដែលជាប់ពាក់ព័ន្ធទៅនឹងកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើងនេះផងដែរ៕
ប្រភព៖ REUTERS