នៅសុន្ទរកថាស្វាគមន៏របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈថ្លែងក្នុងកម្មវិធីបើកនៃពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដំណាក់កាលទី ៤ ៖ «គណនេយ្យភាពសមិទ្ធកម្ម» នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ថា ចក្ខុវិស័យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ផ្តោតទៅលើធាតុចូល និងមានលក្ខណៈមជ្ឍការ ទៅជាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលផ្តោទៅលើ លទ្ធផលឯ ឬ សមិទ្ធិការ និង វិមជ្ឍការស្របតាមស្តង់ដារអន្តរជាតិ។
ដើម្បីសម្រេចចក្ខុវិស័យនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចយកបោះជំហានតាមដំណាក់កាល តាមរយៈផែនការសកម្មភាពលម្អិតរួម ដែលផ្សំឡើងពីសកម្មភាពចាំបាច់ សម្រាប់កសាងមូលដ្ឋានចាំបាច់នៅតាមដំណាក់កាលនីមួយៗ និង សកម្មភាពចាំបាច់ក្នុងការដកស្រង់បទពិសោធន៍ជាបណ្តើរៗមុនទៅដំណាក់បន្ទាប់។
លោកបានសង្កត់ធ្ងន់ថា “សមិទ្ធិផលរយៈពេល ២០ ឆ្នាំ បានបង្ហាញយ៉ាងជាក់ច្បាស់ថា រដ្ឋាភិបាលកម្ពុជាដែលមាន គណៈកម្មការការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាសេនាធិការបាននិងកំពុង ធ្វើដំណើរដ៏ត្រឹមត្រូវ ឆ្ពោះទៅកាន់ចក្ខុវិស័យដែលបានកំណត់។”
ជោគជ័យនៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈបានផ្តល់ផលជាបណ្តើរៗ លើការពង្រឹងគុណភាព អភិបាលកិច្ចល្អ និងកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដ៏រឹងមាំ ដែលអាចលើកកម្ពស់ជីវភាព និងការបម្រើសាធារណៈ ជូនប្រជាជនកាន់តែប្រសើរឡើង តាមរយៈការពង្រឹងធនធានមនុស្សប្រកបដោយគុណភាព ការកសាងហេដ្ឋរចនាសម្ពន្ធចាំបាច់នានា ដូចជាប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធានាសាស្រ្ត ប្រព័ន្ធអគ្គិសនី ការកសាងសាលារៀន និងមន្ទីរពេទ្យ បានកាន់តែច្រើន និងមានគុណភាព។