(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Anwar bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា កម្ពុជា-ម៉ាឡេស៊ី និង នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣។
ឯកសារទាំងពីរនោះ រួមមាន៖
ទី១៖ អនុស្សារណយោគយល់គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករការងារផ្ទះ។
ទី២៖ អនុស្សារណយោគយល់គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានានាពេលនេះ បាននាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់ ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជារួមចំណែកដល់ការបន្តការអភិវឌ្ឍ និង វិបុលភាពរបស់សហគមន៍អាស៊ាន និងអន្តរជាតិផងដែរ
ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាគ្នាអំពី វិនិយោគការធ្វើពាណិជ្ជកម្ម ទេសចរណ៍ថាមពល ក៏ដូចជាការជំរុញលើកទឹកចិត្តការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
អំឡុងបំពេញទស្សនកិច្ចនេះ លោកនឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង ហើយនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាផងដែរ៕