Alynana Media Cambodia
Icon Collap
clinic narit

ទឹកប្រាក់ប្រមាណជាង ៩០០ លានដុល្លារបានហូរចេញពីកម្ពុជាលើការនាំចូលគ្រឿងអេឡិចត្រូនិក កាលពីឆ្នាំ២០២២

Media LNN | Mar 29, 2023
ទឹកប្រាក់ប្រមាណជាង ៩០០ លានដុល្លារបានហូរចេញពីកម្ពុជាលើការនាំចូលគ្រឿងអេឡិចត្រូនិក កាលពីឆ្នាំ២០២២
Clinic narith

ទឹកប្រាក់ប្រមាណជាង ៩០០ លានដុល្លារបានហូរចេញពីកម្ពុជាលើការនាំចូលគ្រឿងអេឡិចត្រូនិក កាលពីឆ្នាំ ២០២២ កើនឡើងជិត ១/៣ បើធៀបនឹងឆ្នាំ ២០២១ ដោយក្នុងនោះត្រីមាសទី៤ មានតម្លៃរហូតដល់ជិត ២៥៩ លានដុល្លារ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០២២ គឺកម្ពុជាបាននាំចូលគ្រឿងអេឡិចត្រូនិកក្នុងតម្លៃសរុប ៩០៤,៣១ លានដុល្លារកើនឡើង ៣៣,២ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ៦៧៨,៩២ លានដុល្លារ។

ប្រសិនបើបំបែកតាមត្រីមាស គឺត្រីមាសទី១ ឆ្នាំ ២០២២ មានចំនួន ១៩៦,៩ លានដុល្លារ កើនឡើង ២៩,៥៦ ភាគរយធៀបត្រីមាសទី ១ ឆ្នាំ ២០២១, ត្រីមាសទី២ ចំនួន ១៩៩,៣៥ លានដុល្លារ កើន ៤០,១ ភាគរយ, ត្រីមាសទី ៣ ចំនួន ២៤៩,៣៥ លានដុល្លារ កើន ២៦,១២ ភាគរយ និងត្រីមាសទី ៤ មាន ២៥៨,៧១ លានដុល្លារ កើន ៣៨,៣៨ ភាគរយ។

ដោយឡែកបើផ្អែកលើតារាងស្ថិតិនាំចូលទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺទឹកប្រាក់នៃការនាំចូលគ្រឿងអេឡិចត្រូនិកស្មើនឹង ៣,០២ ភាគរយនៃការនាំចូលទំនិញពីទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២២ ដែលមានចំនួន ២៩ ៩៤១,៦ លានដុល្លារ។

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពីថ្ងៃទី ២៦-២៨ ខែមីនា ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះមានបំណងរួមចំណែកអនុវត្តគោលនយោបាយ និងផែនទីបង្ហាញផ្លូវរបស់រដ្ឋាភិបាល ដោយអនុលោមតាមក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់កម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។

ទន្ទឹមនឹងការចំណាយរបស់កម្ពុជាទៅលើការនាំចូលគ្រឿងអេឡិចត្រូនិកក្នុងឆ្នាំ ២០២២ កម្ពុជាក៏បាននាំចេញប្រភេទទំនិញស្ថិតក្នុងលេខកូដ ២ ខ្ទង់ (HS ២ ខ្ទង់) ៨៥ ដែលរួមមាន ម៉ាស៊ីននិងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, ឧបករណ៍ថត ព្រមទាំងឧបករណ៍ថតមួយចំនួនទៀតក្នុងតម្លៃសរុប ១ ៩៩៨,១៩៦ លានដុល្លារកើន ៨៤,៨ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដែលមាន ១ ០៨១,០៩៩ លានដុល្លារ៕