Alynana Media Cambodia
Icon Collap
clinic narit

មូលហេតុសំខាន់ដែលជំរុញចិត្តប្រធានាធិបតីពូទីនដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារុស្ស

Media LNN | Mar 29, 2023
មូលហេតុសំខាន់ដែលជំរុញចិត្តប្រធានាធិបតីពូទីនដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារុស្ស
Clinic narith

ការប្រកាសផ្ទាល់មាត់របស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ថាលោកមានបំណងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើទឹកដីបេឡារុស្សកាលពីថ្ងៃអាទិត្យទី ២៦ ខែមីនា ឆ្នាំ២០២៣ បានធ្វើឲ្យភាគីអន្តរជាតិ រួមទាំងសម្ព័ន្ធណាតូ សហភាពអឺរ៉ុបបានចេញការថ្កោលទោសយ៉ាងខ្លាំង និងបានព្រមានបេឡារុស្សកុំឲ្យយល់ព្រមធ្វើជាម្ចាស់ផ្ទះទទួលឃ្លាំងអាវុធនុយក្លេអ៊ែរពីរុស្ស៊ី បើមិនដូច្នេះទេ នឹងត្រូវទទួលទណ្ឌកម្ម។

យ៉ាងណានៅក្នុងសេចក្តីថ្លែងការណ៍ច្បាស់ៗរបស់លោក ពូទីន ការដាក់ពង្រាយត្រូវបានធ្វើឡើងដោយសារមូលហេតុសំខាន់ៗមួយចំនួន។ ក្នុងនោះពូទីនបាននិយាយថា ទី១គឺដោយសារប្រធានាធិបតីអាឡិចសាន់ឌឺ លូកាសិនកូនៃប្រទេសបេឡារុស ជាអ្នកតែងតែជំរុញជាយូរមកហើយឲ្យទីក្រុងមូស្គូដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសរបស់គាត់។ មួយទៀត គន្លឹះមូលហេតុសម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីទៅកាន់ប្រទេសបេឡារុស្ស គឺដោយសារតែការសម្រេចចិត្តរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់ផ្លោងពាសដែកដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមសាហាវ ដោយអះអាងថាគ្រាប់បែកនេះនឹងប៉ះពាល់យ៉ាងខ្លាំងជនស៊ីវិល និងបរិស្ថាន។ ដូច្នេះការដាក់ពង្រាយអាវុធនុយក្លេអ៊ែរគឺជាមធ្យោបាយឆ្លើយតបព្រមាន។

បន្ថែមពិសេសជាងនេះ រុស្ស៊ីដាក់ពង្រាយទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស ក៏ដោយសារមូលហេតុមួយទៀតគឺដោយសារសហរដ្ឋអាមេរិកដែលអស់ជាច្រើនទសវត្សរ៍មកហើយ បានដាក់អាវុធនុយក្លេអ៊ែររបស់ខ្លួននៅក្នុងប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគី។ លោកពូទីនសង្កត់ធ្ងន់ថា ចំណាត់ការរបស់រុស្ស៊ីមិនបំពានលើសន្ធិសញ្ញាអន្តរជាតិដែលហាមប្រាមការរីកសាយភាយអាវុធនុយក្លេអែរទេ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានបំពានលើកតិកាសញ្ញាដោយដាក់ពង្រាយនៅលើទឹកដីនៃសម្ព័ន្ធមិត្តណាតូរបស់ខ្លួនក៏ដោយ។

ចម្លើយឆ្លើយតបចេញពីភាគីបេឡារុស្ស រដ្ឋមន្ត្រីការបរទេសបេឡារុស្ស បាននិយាយឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី ២៨ ខែមីនា ឆ្នាំ២០២៣ថា ខ្លួនបានសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះនៃអាវុធ បន្ទាប់ពីសម្ពាធជាច្រើនឆ្នាំពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងគោលបំណងផ្លាស់ប្តូរទិសដៅនយោបាយ និងភូមិសាស្ត្រនយោបាយរបស់ខ្លួន។ “ក្នុងរយៈពេលពីរឆ្នាំកន្លះចុងក្រោយនេះ សាធារណរដ្ឋបេឡារុស្សបានទទួលរងសម្ពាធនយោបាយ សេដ្ឋកិច្ច និងព័ត៌មានដែលមិនធ្លាប់មានពីមុនមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ ក៏ដូចជារដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប”។ “ដោយមើលឃើញពីកាលៈទេសៈទាំងនេះ និងការព្រួយបារម្ភ និងហានិភ័យស្របច្បាប់នៅក្នុងវិស័យសន្តិសុខជាតិដែលកើតចេញពីពួកគេ បេឡារុស្សត្រូវបង្ខំឱ្យឆ្លើយតបដោយការពង្រឹងសមត្ថភាពសន្តិសុខ និងការការពាររបស់ខ្លួន”៕