Alynana Media Cambodia
Icon Collap
clinic narit

ពណ៌ “ត្នោតមាស” ដ៏មានអត្ថន័យក្នុងនិមិត្តសញ្ញានៃយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ត្រូវបានបង្ហាញ

Admin Alynana | Mar 31, 2023
ពណ៌ “ត្នោតមាស” ដ៏មានអត្ថន័យក្នុងនិមិត្តសញ្ញានៃយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ត្រូវបានបង្ហាញ
Clinic narith
ពណ៌ “ត្នោតមាស” (Golden Brown) គឺជាពណ៌ចម្បងក្នុងការជ្រើសយកមកប្រើប្រាស់ក្នុងនិមិត្តសញ្ញា នៃយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” នេះ ដែលតំណាងឱ្យទិដ្ឋភាព និងទេសភាពធម្មជាតិនាពេលព្រះអាទិត្យចាប់ផ្តើមរះ បរិយាកាសក្តៅល្មមៗ ប្រជាជនពោពេញដោយស្នាមញញឹមកក់ក្តៅ ស្រមោលចាំងពីពន្លឺនៃវប្បធម៌ដ៏រស់រវើកលើដែនដីសុវណ្ណភូមិ នៃព្រះរាជាណាចក្រកម្ពុជា។
ផ្អែកតាមការសិក្សាស្រាវជ្រាវ ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤៩% បានឆ្លើយថាកត្តាដែលទាក់ទាញឱ្យមកកាន់កម្ពុជាគឺ “ប្រាសាទអង្គរវត្ត” និង ៦២% បានឆ្លើយថា “កត្តាមនុស្ស” គឺជាកត្តាវិជ្ជមានរបស់កម្ពុជានៅពេលដែលពួកគេបានមកដល់ និងធ្វើដំណើរទស្សនកិច្ចកម្សាន្តរួចមក។ ដូច្នេះ ឈរលើលទ្ធផលទាំងនេះ យើងសាកល្បងធ្វើការកំណត់ធាតុសំខាន់ៗ ដើម្បីឈានដល់ការរៀបចំនិមិត្តសញ្ញា ដូចខាងក្រោម៖
- ប្រាសាទអង្គរវត្ត មានក្បាច់ និងចម្លាក់លើជញ្ជាំងប្រាសាទ និងមានបាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ ឬ បាតុភូតសមរាត្រី (Equinox)
~ធាតុសំខាន់ៗ ដូចជា “ការរចនាក្បាច់ប្រាសាទ” និង “ពណ៌ត្នោត ដែលតំណាងឱ្យពណ៌របស់ប្រាសាទ”
- កត្តាមនុស្ស សំដៅដល់ ប្រជាពលរដ្ឋខ្មែរដែលផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងល្អ និងទទួលស្វាគមន៍ជាមួយស្នាមញញឹមពោរពេញដោយក្តីស្រលាញ់ និងកក់ក្តៅ
~ ធាតុសំខាន់ៗ ដូចជា “បដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ”
ដូច្នេះ ការរៀបចំនូវនិមិត្តសញ្ញារបស់យុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” គឺដើរស្របតាមខ្លឹមសារ ដូចខាងក្រោម៖
- យុទ្ធនាការផ្សព្វផ្សាយ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ - ផ្តល់ភាពកក់ក្តៅ” ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទទួលស្គាល់ជ្រួតជ្រាបជាសកល
- សាមញ្ញ ទាក់ទាញ និងងាយស្រួលក្នុងការប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង (ដែលជាហេតុយើងជ្រើសរើសយកពណ៌តែមួយ)
- ទីផ្សារគោលដៅ ជាភ្ញៀវទេសចរ ពិសេសទីផ្សារទេសចរណ៍អន្តរជាតិ (ដែលជាហេតុយើងជ្រើសរើសយកពាក្យ និងភាសាអង់គ្លេស “Visit Cambodia 2023 - Every day is a Wonder”) ដែលនឹងជំរុញចិត្តរបស់ភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅកម្ពុជា។