Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋាភិបាលកម្ពុជាជំរុញដោះស្រាយបញ្ហាប្រឈមដែលកើតចេញពីការធ្វើពាណិជ្ជកម្មមិនសុចរិតតាមគ្រប់ទម្រង់

Media LNN | Apr 05, 2023
រដ្ឋាភិបាលកម្ពុជាជំរុញដោះស្រាយបញ្ហាប្រឈមដែលកើតចេញពីការធ្វើពាណិជ្ជកម្មមិនសុចរិតតាមគ្រប់ទម្រង់
Clinic narith

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអ្នកប្រើប្រាស់ថ្នាក់ជាតិឆ្នាំ២០២៣ ក្រោមប្រធានបទ «ពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ដើម្បីជំរុញការអនុវត្តដោយសុចរិតលើទីផ្សារ» ដែលត្រូវបានប្រារព្វធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្នុងគោលបំណងបង្ហាញអំពីតួនាទីកាន់តែសកម្មឡើងនូវកិច្ចការពារអ្នកប្រើប្រាស់ក្នុងយុគសម័យនៃការអភិវឌ្ឍយ៉ាងលឿនផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមដែលកើតចេញពីការធ្វើពាណិជ្ជកម្មមិនសុចរិតតាមគ្រប់ទម្រង់។

ថ្លែងក្នុងពិធីបើកអង្គសន្និសីទថ្នាក់ជាតិឆ្នាំ២០២៣ នេះ នៅ ទី៤ ខែមេសា ឆ្នាំ២០២៣ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សន្និសីទថ្នាក់ជាតិលើកនេះធ្វើឡើងដោយភ្ជាប់ជាមួយទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកថ្ងៃទី១៥ ខែមីនា ដែលទើបកន្លងផុតទៅថ្មីៗនេះ ក្នុងគោលបំណងបញ្ជាក់ថា សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ត្រូវបានយកចិត្តទុកដាក់ និងទទួលបានការការពារដោយរដ្ឋាភិបាលនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិពីការអនុវត្តអាជីវកម្មគ្មានសីលធម៌ ឬមិនមានភាពសុចរិត ទាំងក្រៅបណ្ដាញអ៊ីនធើណិត និងលើបណ្ដាញអ៊ីនធើណិត។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារអ្នកប្រើប្រាស់ អង្គការសហប្រជាជាតិសម្រាប់កិច្ចការពារអ្នកប្រើប្រាស់ (UNGCP) បានចេញគោលការណ៍ណែនាំដល់ប្រទេសជាសមាជិកគួរបង្កើតក្របខណ្ឌច្បាប់ បទប្បញ្ញត្តិការពារអ្នកប្រើប្រាស់ ស្ថាប័នអនុវត្តច្បាប់ និងយន្តការដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលមានប្រសិទ្ធភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ លើការចែករំលែកព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់។ ដូចគ្នានេះដែរ នៅក្នុងតំបន់អាស៊ាន កិច្ចការពារអ្នកប្រើប្រាស់ត្រូវបានចាត់ទុកជាបញ្ហាអាទិភាព និងបានកំណត់ក្នុងផែនការសកម្មភាពយុទ្ធសាស្ត្រសម្រាប់កិច្ចការពារអ្នកប្រើប្រាស់ឆ្នាំ២០១៦-២០២៥ (ASAPCP) ព្រមទាំងបានលើកទឹកចិត្តដល់ប្រទេសជាសមាជិកក្នុងការបង្កើតក្របខណ្ឌបទប្បញ្ញត្តិ ដើម្បីឱ្យប្រព័ន្ធការពារអ្នកប្រើប្រាស់កាន់តែល្អប្រសើរ។ 

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ទោះបីជាប្រទេសកម្ពុជាមានរបបការពារអ្នកប្រើប្រាស់ក្មេងជាងគេនៅក្នុងតំបន់អាស៊ានក៏ដោយ តែក៏កំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយចាប់តាំងពីការអនុម័តដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់កាលពីឆ្នាំ២០១៩មក ឯកសារគតិយុត្តជាច្រើនទៀតត្រូវបានរៀបរៀង និងអនុម័តឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានគោលការណ៍ណែនាំស្តីពីការបង្កើតសមាគមអ្នកប្រើប្រាស់តាមវិស័យ និងការដាក់ចេញនូវកម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីធ្វើសុខដុមនីយកម្មក្របខណ្ឌកិច្ចការពារអ្នកប្រើប្រាស់ឱ្យមានសង្គតិភាព សម្រាប់ជំរុញទីផ្សារឱ្យមានសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់ សំដៅពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងបង្កើនទំនុកចិត្តក្នុងធុរកិច្ច ដែលធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពសេដ្ឋកិច្ច៕