ឥស្សរជនជាន់ខ្ពស់របស់គណបក្សភឿថៃបានសម្តែងការជឿជាក់កាលពីពេលថ្មីៗនេះថា គណបក្សនឹងឈ្នះអាសនៈសមាជិកសភាច្រើនជាងគេនៅក្នុងការបោះឆ្នោតសកលនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ។
លោក ស្រឹត្ថា ថាវីស៊ីន (Srettha Thavisin) ជាមហាសេដ្ឋីអចលនទ្រព្យ និងជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំង ៣ របស់គណបក្សបាននិយាយថា គោលនយោបាយរបស់បក្ស នឹងនាំទៅរកជ័យជម្នះភ្លូកទឹកភ្លូកដី ដែលនឹងអនុញ្ញាតឲ្យបក្សភឿថៃ បង្កើតរដ្ឋាភិបាលឯកបក្ស ។
ទន្ទឹមនោះ លោកបានបដិសេធមិនឆ្លើយសំណួរពីប្រព័ន្ធផ្សព្វផ្សាយថាតើ គណបក្សភឿថៃដែលជាបក្សប្រឆាំង នឹងបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស ផាឡាង ប្រាឆារ៉ាត់ (Palang Pracharath) ដែលកំពុងកាន់អំណាចនៅក្រោយការបោះឆ្នោតឬអត់នោះទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា យើងត្រូវរង់ចាំលទ្ធផលបោះឆ្នោតជាក់ស្ដែងសិន ។
លោក ថាវីស៊ីន បានលើកឡើងថា “ក្នុងរយៈពេល ៨ ឆ្នាំមកនេះ ប្រជាពលរដ្ឋបានទទួលរងនូវការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ហើយមិនមានបក្សកាន់អំណាចណាមួយព្យាយាមស្វែងរកពេលវេលាដើម្បីដោះស្រាយបញ្ហារបស់ប្រទេសនោះទេ” ។
ស្របពេលជាមួយគ្នានេះ លោក ស៊ូរីយ៉ា ចងរុងរឿងឃីត (Suriya Juangroongruangkit) បេក្ខជនសមាជិកសភារបស់គណបក្សភឿថៃ បាននិយាយផងដែរថា គណបក្សរបស់លោកមានទំនុកចិត្ត នឹងឈ្នះកៅអីសមាជិកសភារហូតដល់ ២៥០ អាសនៈក្នុងចំណោម ៥០០ អាសនៈសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ៕