កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមេ Facebook គឺ Meta Platforms Inc បានប្រកាសជ្រើសរើសបុគ្គលិក ដែលមានសមត្ថភាពជាមួយការងារដែលមហាសេដ្ឋី Mark Zuckerberg កំពុងចាយលុយរាប់សិបពាន់លានដុល្លារ។
ការងារដែល Meta កំពុងខ្នះខ្នែងរកបុគ្គលិកនោះគឺទាក់ទងនឹងបច្ចេកវិទ្យាពិភពនិម្មិត (VR) ហើយក្រុមហ៊ុនក៏ហ៊ានចាយលុយច្រើនផងដែរ ពោលហ៊ានចំណាយសម្រាប់ប្រាក់ប្រចាំឆ្នាំចំពោះបុគ្គលិកចន្លោះពី ៦០០ ០០០ ដល់ជិត ១លានដុល្លារឯណោះ។ នេះបើតាមការចុះផ្សាយពី Washington Post។
គួររំលឹកដែរថា Meta បានចាក់លុយរាប់សិបពាន់លានដុល្លារលើគម្រោង VR នេះ ពោលកាលពីឆ្នាំ២០២១ ចាយលុយ ១០ពាន់លានដុល្លារ ហើយឆ្នាំទៅចាយអស់ជិត ១៦ពាន់លានដុល្លារ លើផ្នែក Reality Labs ប៉ុន្តែគម្រោងមួយនេះនៅមិនទាន់ជោគជ័យ ហើយក៏ធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រាក់ប្រហែល ១៩ពាន់លានដុល្លារ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។
សូមជម្រាបបន្ថែមថា ទំហំចំណាយដែល Meta ហ៊ានចាយនោះគឺ ច្រើនលើសពីក្រុមហ៊ុនគូប្រជែងដទៃ ដូចជាក្រុមហ៊ុន Apple Inc ហ៊ានចាយត្រឹមតិចជាងកន្លះលានដុល្លារ ស្របពេល Alphabet Inc ចាយត្រឹម ៤៤០ ០០០ដុល្លារប៉ុណ្ណោះ សម្រាប់តំណែងកំពូលនៃអ្នកអភិវឌ្ឍន៍ VR។
ដោយឡែក ចំពោះការហ៊ានចាយទុនច្រើនរបស់ Meta ក៏ធ្វើឲ្យក្រុមហ៊ុនតូចៗមានផលវិបាក ដ្បិតនាយកប្រតិបត្តិម្នាក់មកពីក្រុមហ៊ុនហ្គេមតូចមួយបាននិយាយថា គាត់មិនអាចជួលអ្នកអភិវឌ្ឍន៍ជាន់ខ្ពស់កាលពីឆ្នាំមុនបាន ព្រោះ Meta បានផ្តល់ប្រាក់ដល់បេក្ខជនចំនួន ៨០០ ០០០ ដុល្លារក្នុងមួយឆ្នាំ ជាមួយនឹងប្រាក់រង្វាន់ពីការអនុវត្តដែលអាចឃើញសំណងសរុបកើនឡើងដល់ប្រហែល ១លានដុល្លារ៕