Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា នឹងបង្កើនការជួញដូរ​ផ្សារមូលបត្រ​ឱ្យឡើងដល់ ១០០លានដុល្លារ ក្នុងមួយថ្ងៃ

Media LNN | Apr 19, 2023
កម្ពុជា នឹងបង្កើនការជួញដូរ​ផ្សារមូលបត្រ​ឱ្យឡើងដល់ ១០០លានដុល្លារ ក្នុងមួយថ្ងៃ
Clinic narith

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចំនួន១៨ហើយដែលបានបោះផ្សាយ ក្នុងទំហំទឹក​ប្រាក់ជាង៣០០លានដុល្លារ ។ សម្រាប់ឆ្នាំ ២០២២ ការជួញដូរមានទំហំទឹកប្រាក់ប្រមាណ៥០​ម៉ឺនដុល្លារក្នុងមួយថ្ងៃ ស្មើនឹងអ្នកលេងភាគហ៊ុនប្រមាណ ៣០០០នាក់ ខណៈដែលនៅឆ្នាំ២០១៧ មានទំហំទឹកប្រាក់ប្រមាណតែ ១,៥ម៉ឺនដុល្លារប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ មានន័យថា ចំនួននេះបានកើនឡើងយ៉ាងខ្លាំង។

លោក បញ្ជាក់ថា ជាមហិច្ឆិតា គឺចង់បានទំហំនៃការជួញដូរលើទឹកប្រាក់ ១០០លានដុល្លារក្នុងមួយថ្ងៃ។ «ប្រទេស​យើងតូច តែយើងមានក្តីស្រម័យធំ ។ សូមគាំទ្រទីផ្សារមួយនេះឱ្យកាន់តែច្រើន នោះទីផ្សារមូលបត្ររបស់យើង អាចរីកចម្រើនដូចស្រុកគេដែរ»។ នេះជាការបន្ថែមរបស់លោក ហុង សុហួរ នៅព្រឹកថ្ងៃទី១៩​ ​ខែមេសា ឆ្នាំ២០២៣នេះ។

ថ្លែងនៅក្នុងកម្មវិធីរ៉ូដសូ បោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន​ ម.ក អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបញ្ជាក់ថា ដោយមានផែនការច្បាស់លាស់​ និងមាន​ចក្ខុវិស័យវែងឆ្ងាយ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានធ្វើសំណើ​ទៅនិយ័តករមូលបត្រកម្ពុជា​ ក្នុងការចុះ​បញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនជាផ្លូវការ និងបានអំពាវអោយបងប្អូនប្រជាពលរដ្ឋ ពិសេសអាណាព្យា​បាលសិស្ស ចូលរួមទិញជាភាគហ៊ុនជាមួយក្រុមហ៊ុន ដើម្បីអាចពង្រីក និងពង្រឹងខ្លួនកាន់តែខ្លាំង​ក្លាថែមទៀតលើវិស័យ​អប់រំ បណ្តុះបណ្តាធនធនមនុស្ស។

បន្ទាប់ពី​និយ័តករមូលបត្រកម្ពុជា បានធ្វើការពិនិត្យ​ និង​សិក្សាច្បាស់លាស់ លើសំណើរសុំដាក់ពាក្យ​ចូលក្នុងបញ្ជី​លក់មូល​បត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានឃើញពីវិសាលភាពការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ទើបនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា បានសម្រេចឯកភាព​ជាគោលការណ៍​លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា បានឯកភាពលើសំណើដាក់តម្លៃ ២០៨០ រៀលក្នុងមួយភាគហ៊ុន របស់ក្រុមហ៊ុននេះ។
សូមបញ្ជាក់ថា ដើម្បីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន​ ជាផ្លូវការបាន ក្រុមហ៊ុន​ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជា​ និងត្រូវទទួល​បានការបញ្ជាក់យល់ព្រមជាមុនពីផ្សារមូលបត្រកម្ពុជា​ អំពីការកំណត់ថ្លៃលក់មូលបត្រ និងបំពេញបាន​នូវលក្ខខណ្ឌចុះ​បញ្ជីទាំងឡាយបន្តទៀត របស់ផ្សារមូលបត្រកម្ពុជា ​ពាក់ព័ន្ធនឹងមូលបត្រកម្មសិទ្ធិ៕