កាលពីថ្ងៃពុធទី១៩ខែមេសា រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសផ្តល់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ ៣២៥លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីជួយយោធាទីក្រុងកៀវ ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី។ សម្រាប់កញ្ចប់ជំនួយថ្មីនេះ រួមមានទាំងគ្រាប់បន្ថែម សម្រាប់ប្រព័ន្ធរ៉ុកកែតចល័តកម្រិតខ្ពស់ (HIMARS) មីស៊ីលទំនើប និងមីនប្រឆាំងរថក្រោះផងដែរ។
នេះគឺជាកញ្ចប់សន្តិសុខទី៣៦ហើយសម្រាប់អ៊ុយក្រែន ចាប់តាំងរុស្ស៊ីបើកការវាយលុកក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយនាំឲ្យជំនួយយោធាសរុបដែលសហរដ្ឋអាមេរិកជួយរដ្ឋាភិបាលទីក្រុង កៀវ កើនដល់ជាង៣៥.៤ពាន់លានដុល្លារ។
HIMARS គឺជាប្រព័ន្ធបំពាក់លើរថយន្ត ដែលអាចបាញ់មីស៊ីលបានច្រើនគ្រាប់ជាបន្តបន្ទាប់។ កាំជ្រួចដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន គឺមានរយៈចម្ងាយដល់ទៅ៨០គីឡូម៉ែត្រ ហើយកងកម្លាំងអ៊ុយក្រែន បានទទួលជោគជ័យយ៉ាងធំធេងការប្រើវាដើម្បីកំណត់គោលដៅរបស់រុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា “រុស្ស៊ីអាចបញ្ចប់សង្រ្គាមរបស់ខ្លួននៅថ្ងៃនេះ។ បើរុស្ស៊ីមិនឈប់, សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងដៃគូរបស់យើង នឹងឈររួបរួមគ្នាជាមួយអ៊ុយក្រែន ដរាបណាពួកគេត្រូវការ”។
គួរបញ្ជាក់ថា កញ្ចប់ជំនួយថ្មីនេះ នឹងត្រូវបានផ្តល់មូលនិធិដោយប្រើប្រាស់អាជ្ញាធរ Presidential Drawdown Authority, ឬ PDA ដែលអនុញ្ញាតឲ្យប្រធានាធិបតីផ្ទេរសម្ភារ និងសេវាកម្មពីស្តុកអាមេរិក ដោយគ្មានការយល់ព្រមពីសភាក្នុងអំឡុងពេលមានអាសន្ន៕