អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ ពន្ធដារប្រមូលចំណូលអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក (E-Commerce) បានចំនួន ៨៤,៦៧ ប៊ីលានរៀល ប្រមាណជា ២០,៩១ លានដុល្លារ។
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា បើគិតជាមធ្យម ក្នុងឆ្នាំ២០២៣ ចំណូល E-Commerce ប្រចាំខែ គឺប្រមាណជា៧ លានដុល្លារ ក្នុងមួយខែ បើប្រៀបធៀបនឹងឆ្នាំ២០២២ ប្រមាណជា៥លានដុល្លារ ក្នុងមួយខែ។ បើយោងតាមតួលេខចំណូលពន្ធពីE-Commerce នេះ កាលពីឆ្នាំ២០២២ គិតពីខែមេសា ដល់ខែធ្នូ ពន្ធដារ ប្រមូលបានចំនួន ១៧៨,០៦ ប៊ីលានរៀល ប្រមាណជា ៤៣,៩៧ លានដុល្លារ។
ចំណែកឆ្នាំនេះ ចំពោះតែខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលអាករលើតម្លៃបន្ថែម បានចំនួន ២៤,៤៣ ប៊ីលានរៀល ប្រមាណជា ៦,០៣ លានដុល្លារ។
អនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន អគ្គនាយកដ្ឋានពន្ធដារបានអនុវត្ត និងគ្រប់គ្រងការប្រមូលអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ចំពោះការផ្គត់ផ្គង់ទំនិញ ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាព ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយទាំងអ្នកជាប់ពន្ធអនិវាសនជន និងអ្នកជាប់ពន្ធនិវាសនជន។
ពន្ធដារ បានគូសបញ្ជាក់ថា អ្នកជាប់ពន្ធអនិវាសនជន មានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (SimplifiedVATRegistration) ហើយគិតមកត្រឹមពេលនេះក្រុមហ៊ុនដែលធ្វើប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ចំនួន ៦៨ បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ រួមមាន META, GOOGLE, YOUTUBE, TIK TOK, NETFLIX និងផ្សេងៗទៀត។
ជាក់ស្តែង ស្ថិតក្នុងបដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថលកំពុងមានការរីកលូតលាស់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នឹងបន្តរីកចម្រើន ដែលជួយជំរុញឱ្យចំណូល ពន្ធពី E-Commerce នឹងរក្សានូវចីរភាពកំណើនពីមួយឆ្នាំទៅមួយឆ្នាំ៕