ក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២៣ (ត្រីមាសទី១) ក្រសួងពាណិជ្ជកម្មចុះបញ្ជីក្រុមហ៊ុនបានប្រមាណ ៣៣៨០ក្រុមហ៊ុន មានកំណើនជាង ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
ថ្លែងប្រាប់កម្ពុជាថ្មី លោក ប៉ែន សុវជាតិ បានឱ្យដឹងថា ក្រុមហ៊ុនដែលបានចុះបញ្ជីនេះ រួមមានក្រុមហ៊ុនមូលធន ក្រុមហ៊ុនពាណិជ្ជកម្មបរទេស សហគ្រាសឯកបុគ្គល និងសហគ្រាសកម្មសិទ្ធិ។
អ្នកនាំពាក្យរូបនេះ មើលឃើញថា ក្នុង១ឆ្នាំ ក្រុមធុរជនមានការភ្នាក់រលឹក តែងតែស្នើសុំចុះបញ្ជី ដើម្បីធ្វើធុរកិច្ចនៅក្នុងប្រព័ន្ធ។ យើងក៏កត់សម្គាល់ដែរថា ការស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិចក្តី ការស្នើសុំលិខិតអនុញ្ញាតជារូបវន្តបុគ្គលក្តីក៏មានការកើនឡើងផងដែរ។ នេះជាការបន្ថែមរបស់លោក ប៉ែន សុវិជាតិ។
លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា ការចុះបញ្ជីនៅក្នុងប្រព័ន្ធ មានអត្ថប្រយោជន៍ច្រើន ពោលគឺប្រយោជន៍សម្រាប់ធុរជនខ្លួនឯងផង និងប្រយោជន៍សម្រាប់ជាតិផង។ ប្រយោជន៍សម្រាប់ជាតិ គឺតាមរយៈការប្រមូលពន្ធដារ ចូលក្រសួងសេដ្ឋកិច្ច យកទៅអភិវឌ្ឍប្រទេស។
រីឯប្រយោជន៍សម្រាប់ម្ចាស់អាជីវកម្ម នៅពេលដែលក្រុមហ៊ុនស្ថិតនៅក្នុងប្រព័ន្ធរៀបរាយ ក្រុមហ៊ុនអាចប្រើឈ្មោះផ្លូវការ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបរទេស ឬខ្ចីប្រាក់ពីធនាគារយកទៅពង្រីកអាជីវកម្មបន្ថែមទៀត។ លើសពីនេះទៀត នៅពេលក្រុមហ៊ុនរីកចម្រើនខ្លាំងដល់កម្រិតមួយ អាចចូលផ្សារហ៊ុនស្របពេលដែលកម្ពុជា កំពុងអភិវឌ្ឍលើវិស័យនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
សូមបញ្ជាក់ថា នៅឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ទទួលបានការចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុនថ្មីចំនួន ១០ ៧០១ក្រុមហ៊ុន កើនឡើង៣៩.៣៩% បើធៀបនឹងឆ្នាំ២០២១ មានត្រឹមជាង ៧ ៦៧៧ក្រុមហ៊ុនប៉ុណ្ណោះ។ ការកើនឡើងនៃចំនួនក្រុមហ៊ុន-សហគ្រាស នៅក្នុងឆ្នាំ២០២២នេះ ក៏មានចំណែករបស់ពលរដ្ឋ ដែលប្រកបរបររកស៊ីតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅម្យ៉ាងទៀតថាអនឡាញ នាំគ្នាមកដាក់ពាក្យស្នើសុំចុះបញ្ជី សុំអាជ្ញាបណ្ណ នៅក្រសួងពាណិជ្ជកម្មផងដែរ៕