បើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃ ០១ ឧសភា ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ថ្លែងនៅក្នុងកម្មវិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្តសាខាសំរោងអណ្តែតនៅព្រឹកមិញនេះ លោក ស៊ុន ចាន់ថុលបានបញ្ជាក់ថា នៅថ្ងៃ ០១ ឧសភា សម្តេចតេជោ ហ៊ុន សែន នឹងទៅចូលរួមកម្មវិធីសំណេះសំណាលជាមួយបុគ្គលិកកម្មករនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ រួមទាំងសម្ពោធសមិទ្ធផលនានា។ ជាមួយគ្នានេះ សម្តេចតេជោក៏នឹងចូលរួមបើកការដ្ឋានសាងសង់គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុជំហានទី ១ ដែលមានជម្រៅទឹក ១៤,៥ ម៉ែត្រ ដើម្បីពង្រីកវិសាលភាពដឹកជញ្ជូនរបស់កម្ពុជា។
លោករដ្ឋមន្រ្តីបានបន្តថា កំពង់ផែទឹកជ្រៅជំហានទីមួយដែលនឹងពង្រីកមានជម្រៅទឹក ១៤,៥ ម៉ែត្រ ខណៈជំហានទីពីរមានជម្រៅទឹក ១៦,៥ និងជំហានទី ៣ មានជម្រៅទឹក ១៧,៥។
លោកបន្តទៀតថា តាមរយៈការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ នឹងអាចឲ្យនាវាធំៗដឹកទំនិញពីកម្ពុជាទៅអឺរ៉ុប និងអាមេរិក ដោយមិនបានឆ្លងកាត់កំពង់ផែប្រទេសជិតខាងក្នុងតំបន់ដូចជាសិង្ហបុរី ឬវៀតណាមនោះទេ។
ក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុគ្រោងសាងសង់ជា ៣ ដំណាក់កាល។ ការសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុដំណាក់កាលទី ១ នឹងបញ្ចប់នៅឆ្នាំ ២០២៥ ដែលអាចឲ្យនាវាដឹកជញ្ជូនប្រមាណ ៩៣% នៅក្នុងតំបន់អាស៊ីហ្វិក ចូលចតកំពង់ផែនេះបាន ហើយដែលនឹងធ្វើឲ្យតម្លៃដឹកជញ្ជូនទាបជាងមុន។
ដោយឡែកដំណាក់កាលទី២ និងទី៣ នឹងត្រូវសាងសង់បន្តបន្ទាប់មានជម្រៅទឹករហូតដល់ ១៨ ម៉ែត្រ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៨៕