Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ គ្រោងនឹងសាងសង់មន្ទីរ​ពិសោធន៍ជាតិ សម្រាប់ត្រួតពិនិត្យគុណភាពសត្វ

Media LNN | Apr 21, 2023
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ គ្រោងនឹងសាងសង់មន្ទីរ​ពិសោធន៍ជាតិ សម្រាប់ត្រួតពិនិត្យគុណភាពសត្វ
Clinic narith

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ KOICA គ្រោងនឹងសាងសង់មន្ទីរ​ពិសោធន៍ជាតិ សម្រាប់ត្រួតពិនិត្យគុណភាពសត្វ និងផលិតផលបសុព្យាបាល ដើម្បីពង្រឹងសមត្ថភាព​ត្រួតពិនិត្យសុវត្ថិភាព និងអនាម័យផលិតផលសត្វនៅកម្ពុជា។

គម្រោងសាងសង់មន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពសត្វ និងផលិតផលបសុព្យាបាលនេះត្រូវបានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាជាមួយក្រុមការងារ KOICA កាលពីរសៀលថ្ងៃទី២០ មេសា នៅទីស្តីការក្រសួង។ ទាក់ទងនឹងការងារនេះ លោករដ្ឋមន្ត្រី បានស្នើឱ្យ KOICA ធ្វើការសិក្សាឱ្យបានច្បាស់លាស់ទាំងលើសេវាកម្ម ឧបករណ៍/សម្ភារៈ និងធនធានមនុស្សសម្រាប់មន្ទីរពិសោធន៍ជាតិថ្មី ឱ្យមានកម្រិតស្តង់ដាអន្តរជាតិ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចំពោះទីតាំងគម្រោងមន្ទីរពិសោធន៍ជាតិនេះស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល ជាទីតាំងល្អ ដែលអាចជួយបញ្ចៀសហានិភ័យក្នុងករណីមានបញ្ហាណាមួយ​ដែលអាចប៉ះពាល់ដល់​ទីប្រជុំជនហើយជាងនេះទៀត មន្ទីរពិសោធន៍ធំ និងមន្ទីរពិសោធន៍តំបន់ ត្រូវមានទំនាក់ទំនងសហការល្អនឹងគ្នា ដើម្បីធ្វើការងារឱ្យបានរហ័ស និងទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈទូទាំងប្រទេស។

បើតាម លោករដ្ឋមន្ត្រី គឺមន្ទីរពិសោធន៍នៃអនុវិស័យទាំងអស់មានសត្វ ដំណាំ និងជលផល ត្រូវធ្វើឡើង​នៅកន្លែងតែមួយដើម្បីភាពងាយស្រួល ដោយមិនចង់ឱ្យមានក្រុមការងារផ្សេងៗគ្នាឡើយ ហើយការងារ​នេះក៏ជាអាទិភាពរបស់ KOICA ផងដែរ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា«វាជាការចាំបាច់ដែលត្រូវពិភាក្សាគ្នា សហការគ្នា ធ្វើការជាមួយគ្នា និងប្រើប្រាស់​ថវិកាឱ្យត្រូវគោលដៅ ធ្វើទំនើបកម្ម មានប្រសិទ្ធភាព និរន្តរភាព តាមរយៈការបង្កើត​មន្ទីរពិសោធន៍ស្តង់​ដាដែលជាទិសដៅថ្មីរបស់ក្រសួង ដើម្បីផ្តល់សេវាសាធារណៈលើផ្នែកសុវត្ថិភាពចំណីអាហារ ដោយក្រសួងចង់​ឱ្យមានអគារ៣ផ្នែក គឺរដ្ឋបាល សេវាសុវត្ថិភាពចំណីអាហារ និងរោគវិនិច្ឆ័យនិងជំងឺឆ្លង»។

គួរបញ្ជាក់ថា គម្រោងសាងសង់មន្ទីរពិសោធន៍ជាតិ ផ្ដួចផ្ដើមឡើងដើម្បីពង្រឹងសមត្ថភាពត្រួតពិនិត្យសុវត្ថិភាព និងអនាម័យផលិតផលសត្វនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើជំងឺបណ្តាលមកពីចំណីអាហារ ការប្រឡាក់​ប្រឡូកមេរោគ និងសារធាតុគីមី រួមទាំងកាកសំណល់បសុឱសថ នៅក្នុងផលិតផលសត្វ ដែលការងារនេះ​នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពជាតិ តាមរយៈការបរិភោគផលិតផល​សត្វមានសុវត្ថិភាព និងគោលដៅការនាំចេញផលិតផលសត្វ៕សំអឿន