(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចាប់ផ្តើមដាក់ដំណើរការសាកល្បងរោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។ នេះយើងយោងតាមសេចក្តី ជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ក្នុងការដាក់ដំណើរការសាកល្បងនេះ រដ្ឋាករទឹក នឹងបញ្ជូនទឹកស្អាតទៅផ្គត់ផ្គង់ នៅតំបន់ខណ្ឌជ្រោយចង្វារ ហើយការណ៍នេះអាចនាំឱ្យគុណភាពទឹកមានភាពល្អក់កករ កើតឡើងមួយរយៈពេលខ្លី។
លោក សោម សុវណ្ណ ប្រធាននាយកដ្ឋានអាជីវកម្ម នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា នេះគឺជាការធ្វើតេស្តសាកល្បង ដើម្បីបញ្ចូលទឹកទៅក្នុងបំពង់នៅតំបន់ជុំវិញព្រែកលាប ហើយនៅអំឡុងថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា រដ្ឋាករទឹក នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងបញ្ជូនទឹកឆ្លងទៅតំបន់ត្រើយខាងលិចនៃទន្លេ មុននឹងឈានដាក់ឱ្យដំណើរការជាផ្លូវការ នៅដើមខែឧសភា ឆ្នាំ២០២៣។
លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញធ្លាប់បានឱ្យដឹងថា បន្ទាប់ពីការដាក់ដំណើរការ នូវរោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ នឹងអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ ចំពោះបណ្តាញដែលបានភ្ជាប់រួច។
លោកបានគូសបញ្ជាក់ថា «ជំហ៊ានដំបូងនេះ យើងខិតខំថា ធ្វើម៉េចឱ្យសមត្ថភាពផលិតដែលរុញពីបាក់ខែងជំហានទី១នេះ បានប្រមាណជាង៧០% នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ។ ប៉ុន្តែវានឹងទៅពេញសមត្ថភាពនៃការផលិត១០០% ដើម្បីបញ្ជូនទៅប៉ែកខាងលិចរាជធានីភ្នំពេញ ដែលយើងគ្រោងនៅអំឡុងខែកញ្ញា ឬតុលា គឺទឹកនឹងជំរុញទៅទុយោទាំងលើផង និងខាងក្រោមផង ដើម្បីរុញទឹកទៅ១០០% នៃរោងចក្របាក់ខែងជំហាន១នេះ ផ្គត់ផ្គង់ទៅប៉ែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ»។
សូមជម្រាបថា គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហ៊ានទី១ មានសមត្ថភាពផលិតទឹកស្អាតបានមួយថ្ងៃ ១៩៥០០០ម៉ែត្រគូប ។
គម្រោងរោងចក្រ បាក់ខែងជំហ៊ានទី១ ត្រូវបានប្រើថវិកាសាងសង់ប្រមាណ ២០០លានដុល្លារ ក្នុងនោះទទួលបានកម្ចីពី AFD ចំនួន ៨៥លានដុល្លារ, ពីធនាគារវិនិយោគអឺរ៉ុប (EIB)ចំនួន ១០០លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន ១៥លានដុល្លារ៕