Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចតេជោ​ស្នើសមាគមជប៉ុន-កម្ពុជា បន្ត​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​កម្ពុជា​កំពុង​មាន​គម្រោង​បណ្ដុះបណ្ដាល​ជន​ក្រីក្រ​

Media LNN | Apr 27, 2023
សម្ដេចតេជោ​ស្នើសមាគមជប៉ុន-កម្ពុជា បន្ត​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​កម្ពុជា​កំពុង​មាន​គម្រោង​បណ្ដុះបណ្ដាល​ជន​ក្រីក្រ​
Clinic narith

 

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើសុំ​ ឯកឧត្តម តាកាហាស៊ី បន្ត​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​ពេល​នេះ កម្ពុជា​កំពុង​មាន​គម្រោង​បណ្ដុះបណ្ដាល​ជនក្រីក្រ ប្រមាណ​១​លាន៥​សែន​នាក់ ដើម្បី​ឲ្យ​ពួកគាត់​ងាយ​រក​ការងារ​ធ្វើ។

ក្នុង​ជំនួប​សម្ដែងការគួរសម​និងពិភាក្សាការងារ​ជាមួយសម្ដេចតេជោ​នៅ​ឯ​វិមាន​សន្តិភាព ​លោក តាកាហាស៊ី ហ្វូ​មី​អាគី (Takahashi fumiaki) ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ អំពី​វឌ្ឍនភាព​របស់​សមាគម ជប៉ុន​-​កម្ពុជា ដែល​ក្នុងនោះ ៖

​ទី​១-​កំពុង​រៀបចំ​វេទិកា​ព័ត៌មាន​អំពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ជប៉ុន ជាពិសេស​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ជប៉ុន ដែល​កំពុង​ស្វែងរក​ការ​វិនិយោគ​នៅក្រៅ​ប្រទេស​។

ទី​២-​កំពុង​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស​លើ​វិស័យ​កែ​សម្ផស្ស​, លើវិស័យ​ជួសជុល​យានយន្ត និង​លើ​វិស័យ បដិសណ្ឋារកិច្ច​។

ទី​៣-​កំពុង​រៀបចំ​ខួប ៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ដែល​ក្នុងនោះ​នឹងមាន​ការអុច​កាំជ្រួច​អបអរសាទរ​ផង​ដែរ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ​។

​ទី​៤-​ជំរុញ​ការនាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​ជប៉ុន និង​កែច្នៃ​ផលិតផល​កម្ពុជា សម្រាប់​ដាក់លក់​លើក​ទីផ្សារ​។

ទី​៥-​គោរព​សម្ដែង​ការ​អបអរសាទរ​ជូន​ចំពោះ​សម្ដេច​តេ​ជោ ដែល​បានរៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម តាកាហាស៊ី ដែល​បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច ហើយ​បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​ការខិតខំ​ចលនា​អ្នកវិនិយោគ​មក​កម្ពុជា ដែល​ជា​អាទិភាព​របស់​កម្ពុជា ហើយ​នៅ​ពេល​នេះ កម្ពុជា ក៏​មាន​ច្បាប់​វិនិយោគ​ថ្មី​ដែរ ដែល​ច្បាប់​វិនិយោគ​នោះ នឹង​ផ្ដល់នូវ​ភាពអនុគ្រោះ​ច្រើន សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​។

ជាមួយគ្នា​នោះ​ដែរ សម្ដេច​តេ​ជោ បានស្នើ​សុំ​ឲ្យ​ឯកឧត្តម តាកាហាស៊ី ជំរុញ​ការនាំ​ផលិតផល​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន​។ សម្ដេច​បាន​មានប្រសាសន៍ថា ផលិតផល​របស់​កម្ពុ​ជា​នៅពេលនេះ មានគុណ​ភាពល្អ ហើយ​មិន​ប្រើ​គីមី​ច្រើន​ទេ។

សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម តាកាហាស៊ី​ដែល​បាន​អបអរសាទរ​ចំពោះ​ការដឹកនាំ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។ សម្ដេច ថា នៅពេលដែល​កម្ពុជា​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នោះ គឺ​ស្ថានភាព​មានការ​ពិបាក​ច្រើន ទាំង​នៅ​ក្នុង​តំបន់ និង​ទាំង​ក្នុង​ពិភពលោក ព្រោះថា នៅពេលនោះ គឺមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រទេស​មី​យ៉ាន់​ម៉ា​, ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​បញ្ហា​តៃវ៉ាន់​, បញ្ហា​សង្គ្រាម​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ក៏ដូចជា​បញ្ហា​ការ​ប្រឈមមុខ​ខាង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ផងដែរ។

ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ​រក្សាបាន​នៅ​ម​ជ្ឈ​ភាព​អាស៊ាន​, សាមគ្គីភាព​អាស៊ាន និង​រក្សាបាន​នូវ​ឥទ្ធិពល​អាស៊ាន ក៏ដូចជា​បានចេញ​សេចក្ដីថ្លែងការណ៍ និង​ឯកសារ​ទាំងអស់ ដោយ​គ្មាន​ការប្រឈមមុខ​ដាក់គ្នា​ឡើយ៕