បើតាមការអះអាងរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអះអាងថា ចំណូលរបស់កម្មករ និយោជិក ដែលទទួលបានពីការបំពេញការងារនៅតាមរោងចក្រ សហគ្រាសនានានៃតំបន់សេដ្ឋកិច្ចពិសេសខេត្ត មានរហូតដល់ ២៣ ទៅ ២៥លានដុល្លារអាម៉េរិក ក្នុងមួយខែ ។
នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោក ម៉ែន វិបុល បានចង្អុលបង្ហាញថា តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាំងពីកំឡុងឆ្នាំ២០០៥ ដែលមានរោងចក្រសហគ្រាសដំណើរការ បានជួយសម្រួលការងារជាច្រើនដល់ពលរដ្ឋក្នុងមូលដ្ឋាន។
មកទល់ពេលបច្ចុប្បន្ននេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១២កន្លែង និងកំពុងដំណើរការចំនួន ៩កន្លែង ព្រមទាំងសហគ្រាសមួយចំនួនទៀតស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេស មានរោងចក្រ សហគ្រាស សរុប ២៦២កន្លែង បានបង្កើតការងារធ្វើជូន ប្រជាពលរដ្ឋប្រមាណជាង ៩ម៉ឺននាក់ ក៏ដូចជារួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបន្តថា ការអនុវត្តតាមគោលនយោបាយបើកទូលាយ និងការលើកទឹកចិត្ត ដល់វិស័យវិនិយោគឯកជនរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យខេត្តស្វាយរៀង មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។
នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានរោងចក្រប្រមាណ ១៤៦រោងចក្រ មានកម្មករជាង ៨ម៉ឺននាក់កំពុងបម្រើការ។ ចំពោះសហគ្រាសដែលកំពុងដំណើរក្នុងខេត្តក្រៅពីសំលៀកបំពាក់ រួមមាន ដំឡើងរថយន្ត ផលិតកង់ នាឡិកា សំបកកង់ឡាន ម៉ាស់ បរិក្ខាសុខាភិបាល អំពូលភ្លើង ត្រង់ស្វូរអគ្គិសនី ឆ័ត្រ គ្រឿងសង្ហារឹម បារី តុក្កតា សាឡុង និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ សម្រាប់គោលដៅនាំចេញទៅកាន់ ទីផ្សារសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ប្រទេសចិន និងប្រទេសផ្សេងៗទៀត។
រាល់កម្មករ កម្មការិនីទាំងអស់ ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស ទទួលបាននូវប្រព័ន្ធគាំពារសង្គមលើការថែទាំសុខភាព តាមរយៈការទទួលបាននូវប័ណ្ណបេឡាជាតិសន្ដិសុខសង្គម (បសស) សម្រាប់ប្រើប្រាស់ក្នុងការថែទាំ និងព្យាបាលជំងឺដោយឥតគិតថ្លៃ៕