មហាយក្សចិនព្រមានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងពីការព្រួតដៃគ្នាប្រឆាំងដល់ប្រទេសកូរ៉េខាងជើង ដោយទទូចសុំឲ្យមានដំណោះស្រាយបញ្ហាដោយសន្តិវិធី។
នេះបើយោងទៅតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង កាលពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែមេសា ឆ្នាំ២០២៣។ ចិនអំពាវនាវយ៉ាងម៉ឺងម៉ាត់ទៅកាន់គ្រប់ភាគីទាំងអស់ មេត្តាកុំចាក់សាំងលើភ្លើង ហើយប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព។ “ភាគីទាំងអស់មិនគួរប្រឈមមុខនឹងបញ្ហាឧបទ្វីបកូរ៉េ ហើយដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ការដោះស្រាយដោយសន្តិវិធីនៃបញ្ហានេះ”។
ស្ថានការណ៍នៅឧបទ្វីបកូរ៉េចេះតែកើនឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានរួមគ្នាធ្វើសមយុទ្ធប្រឆាំងនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ហើយថ្មីៗនេះ មេដឹកនាំកូរ៉េខាងត្បូង និងអាមេរិកបានជួបពិភាក្សាផងដែរនៅទីក្រុងវ៉ាស៊ីនតោន និងបានប្តេជ្ញាថា នឹងលុបបំបាត់របបលោកគីមជុងអ៊ុន ប្រសិនបើឲ្យតែហ៊ានប្រើអាវុធនុយក្លេអ៊ែរបំផ្លាញលោក។ សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ត្រូវបានគេដឹងថា នឹងបញ្ជូននាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួនSSBNឲ្យមកទស្សនកិច្ច នៅកូរ៉េខាងត្បូងជាលើកដំបូងកម្របំផុតចាប់តាំងពីឆ្នាំ១៩៨០។ ទាក់ទិន្ននឹងសម្ពាធរបស់មហាអំណាចនាពេលចុងក្រោយនេះ កូរ៉េខាងជើងហាក់ដូចជាស្ងាត់មាត់គួរឲ្យកត់សម្គាល់៕