Alynana Media Cambodia
Icon Collap
clinic narit

ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានអាជ្ញាធរថៃធ្វើការចាប់ឃាត់ខ្លួន និងដាក់ខ្នោះច្រវ៉ាក់

Media LNN | Apr 29, 2023
ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានអាជ្ញាធរថៃធ្វើការចាប់ឃាត់ខ្លួន និងដាក់ខ្នោះច្រវ៉ាក់
Clinic narith

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូននូវបច្ចុប្បន្នភាពអំពីការចាប់ឃាត់ខ្លួន និងដាក់ខ្នោះច្រវ៉ាក់ ចំពោះពលករខ្មែរដែលលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ដូចតទៅ ៖

1.  ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសាកែវ បានទាក់ទងអាជ្ញាធរថៃ និងចុះជួបផ្ទាល់ជាមួយពលករខ្មែរខាងលើ ដោយបានទទួលព័ត៌មានថា នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ អាជ្ញាធរមានសមត្ថកិច្ចថៃ បានចាប់ឃាត់ខ្លួនពលករខ្មែរ ចំនួន១៤នាក់ ដែលបានលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ (ក្នុងនោះមានស្រីចំនួន៥នាក់) នៅតំបន់ណាត្រាត ខេត្តសាមុតប្រាកាន។ 

2.  នៅពេលបញ្ជូនទៅកាន់មន្ទីរឃុំឃាំង នៅទីក្រុងបាងកក  ពលករទាំងនោះត្រូវបានអាជ្ញាធរ ថៃ ដាក់ខ្នោះច្រវ៉ាក់  ដោយសារខ្លាចរត់គេចខ្លួន  ហើយពួកគាត់ត្រូវបានអាជ្ញាធរថៃ ដោះខ្នោះច្រវ៉ាក់ចេញវិញ  ពេលដល់នៅមន្ទីរឃុំឃាំងបាងកែវ (ទីក្រុងបាងកក)។ 

3.  តាមការសម្របសម្រួលនិងចរចារបស់ស្ថានទូតកម្ពុជា អាជ្ញាធរថៃនឹងបញ្ជូនពលករខាងលើត្រលប់មកប្រទេសកម្ពុជាវិញ ក្រោយការសួរនាំនិងបំពេញសំណុំឯកសារ ចប់សព្វគ្រប់។ 

4.  បន្ថែមលើនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានលើកសំណើទៅកាន់ក្រសួងការបរទេសថៃផងដែរ ដើម្បីស្នើសុំឱ្យជួយសម្របសម្រួលជាមួយតម្រួតអន្តោប្រវេសន៍ថៃ បន្ថែមទៀត សំដៅជួយពន្លឿនការដោះលែងពលករទាំង១៤នាក់ខាងលើ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសូមកុំដាក់ខ្នោះច្រវ៉ាក់បែបនេះទៀត ចំពោះពលករខ្មែរដែលលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ព្រោះពួកគាត់មិនមែនជាឧក្រិដ្ឋជនទេ។ ជាការឆ្លើយតប តំណាងក្រសួងការបរទេសថៃ បានសន្យាថា នឹងពាំនាំសំណើរបស់ស្ថានទូតកម្ពុជា ជម្រាបជូនតម្រួតអន្តោប្រវេសន៍ថៃ។

5.  សូមបញ្ជាក់ជូនបន្ថែមថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ក៏ដូចជា ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសាកែវ តែងតែណែនាំដល់ពលករខ្មែរទាំងអស់ ឱ្យចូលទៅធ្វើការនៅក្នុងប្រទេសថៃ ដោយស្របច្បាប់ ដើម្បីជៀសវាងនូវផលវិបាកនានា៕