ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរចាប់ផ្ដើមបើកជើងហោះហើរត្រង់ សៀមរាប-វៀងចន្ទន៍ ដែលប្រតិបត្តិការ១ជើងក្នុង១សប្តាហ៍ គឺនៅរៀងរាល់ថ្ងៃចន្ទ ដោយប្រើយន្តហោះប្រភេទ Airbus-A321។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរបានបញ្ជាក់ថា ជើងហោះហើរត្រង់ថ្មីនេះចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅម៉ោង៦៖០០នាទីព្រឹក ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិវតី នៃរដ្ឋធានីវៀងចន្ទន៍ នៅម៉ោង៧៖០៥នាទីព្រឹក ដែលមានជើងហោះហើរលេខ K6 908។ យន្តហោះត្រឡប់មកវិញនៅម៉ោង៧៖៥០នាទីព្រឹក ហើយមកដល់សៀមរាបនៅម៉ោង៩៖០០នាទីព្រឹក ត្រូវនឹងជើងហោះហើរលេខ K6 909។ ក្រុមហ៊ុននឹងបន្ថែមជើងហោះហើរជាច្រើនទៀតទៅតាមតម្រូវការ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ជើងហោះហើរត្រង់សៀមរាប-វៀងចន្ទន៍នេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះជូនភ្ញៀវទេសចរទៅកាន់គោលដៅ ដោយប្រើពេលវេលាខ្លីបំផុត។
ការធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្ត្រដ៏សម្បូរបែបទាំងពីរនេះ គឺជាក្តីសុបិន្តមួយរបស់ភ្ញៀវទសចរដែលចូលចិត្តផ្សងព្រេង ហើយទៅសិក្សាស្វែងយល់អំពីវប្បធម៌ អច្ឆរិយធម៌ និងសម្បត្តិធម្មជាតិនៅទីនោះ។ ដូច្នេះហើយជើងហោះហើរថ្មីនេះនឹងទាក់ទាញភ្ញៀវទេសចរ ធុរជន និងអ្នកធ្វើដំណើរជាច្រើនផ្សេងទៀត ដែលអាចនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
គួរជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ជាក្រុមហ៊ុនអាកាសចរណ៍ជាតិដំបូងគេ និងតែមួយគត់របស់ប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រសុវត្ថិភាព IOSA ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IATA) ហើយក៏ជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការដែលតំណាងឱ្យរដ្ឋាភិបាលក្នុងការជួយផ្សព្វផ្សាយយុទ្ធនាការ «ឆាំ្នទស្សនាកម្ពុជា ២០២៣»។
អ្នកដំណើរទាំងអស់អាចហោះហើរប្រកបដោយទំនុកចិត្ត ពីព្រោះក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរអនុវត្តតាមស្តង់ដាសុវត្ថិភាពជាតិនិងអន្តរជាតិខ្ពស់បំផុត ហើយនៅតែបន្តផ្តល់ជូននូវបទពិសោធន៍ហោះហើរប្រកបដោយសុវត្ថិភាព និងផាសុកភាពនូវរាល់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ។
ក្រៅពីជើងហោះហើរទៅរដ្ឋធានីវៀងចន្ទន៍ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរក៏មានជើងហោះហើរទៅកាន់ទីក្រុងល្បីៗជាច្រើនទៀត ដូចជា៖
* ជើងហោះហើរក្នុងប្រទេស៖ ភ្នំពេញ សៀមរាប ព្រះសីហនុ។
* ជើងហោះហើរទៅកាន់ប្រទេសវៀតណាម៖ ហាណូយ ហូជីមិញ ដាណាង។
* ជើងហោះហើរទៅកាន់ប្រទេសចិន៖ ក្វាងចូវ (Guangzhou) ចឹងចូវ (Zhengzhou) សៀងហៃ (Shanghai) ហាយខូវ (Hiakou) ម៉ាកាវ (Macau)៕