គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះកិច្ចព្រមព្រៀងលើអនុស្សារណៈនៃការយោគយល់ជាមួយសាជីវកម្មបរិស្ថាន បណ្ដាញទឹកនៃសាធារណរដ្ឋកូរ៉េ ដើម្បីជួយអភិវឌ្ឍវិស័យទឹកស្អាត ដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងតំបន់ដាច់ស្រយ៉ាល និងងាយរងគ្រោះដោយសារគ្រោះមហន្តរាយនានា។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ បានធ្វើឡើងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ រវាងលោក គីម វរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក Park Seok-Hun ប្រធានគណៈប្រតិភូសាជីវកម្មបរិស្ថាន បណ្តាញទឹកកូរ៉េ។
លោក គីម វីរៈ បានមានប្រសាសន៍ថា អនុស្សារណៈយោគយល់នេះ មានសារសំខាន់ណាស់ ក្នុងការជួយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយ៉ាល និងងាយរងគ្រោះដោយសារគ្រោះមហន្តរាយនានាទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃធម្មតា ហើយអនុស្សារណៈនេះ ថែមទាំងគិតគូរក្នុងបរិបទ នៃការបង្កើនភាពអាសន្នផងដែរ ។
លោកបានបន្តថា« គ្រោះមហន្តរាយ ដែលពន្លឿនដោយការប្រែប្រួលអាកាសធាតុ គឺទឹកស្អាតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការជួយសង្គ្រោះជីវិតមនុស្ស និងកាត់បន្ថយការរងទុក្ខវេទនា ក្នុងអំឡុងពេលមានអាសន្នណាមួយ »។
លោក អគ្គលេខាធិការមានជំនឿយ៉ាងមុតមាំថា យើងទាំងអស់គ្នានឹងរួមគ្នា ដើម្បីធ្វើឱ្យគម្រោងជោគជ័យទទួលបានជោគជ័យដើម្បីនាំទៅរកគំនិតផ្តួចផ្តើម និងគម្រោងផ្សេងៗទៀតនៅក្នុងនាពេលខាងមុខ ។
លោក គីម វីរៈ បានបញ្ជាក់ថា គម្រោងនេះ នឹងចូលរួមក្នុងគោលដៅអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាពឆ្ពោះទៅឆ្នាំ២០៣០ ស្របតាមគោលដៅរបស់អង្គការសហប្រជាជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា ជាភាគីហត្ថលេខីផងដែរ៕