របបសឹកមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះបានប្រកាសថាខ្លួននឹងលើកលែងទោសឱ្យអ្នកទោសច្រើនជាង ២,០០០នាក់ ដែលកំពុងជាប់ពន្ធនាគារដោយសារតែ ការចោទប្រកាន់ថាបានញុះញង់ឱ្យមានការបះបោរប្រឆាំងនឹងយោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ថាយោធានឹងលើកលែងទោសឱ្យអ្នកទោស ២,១៥៣នាក់ ដែលកំពុងជាប់ពន្ធនាគារក្រោមក្រមព្រហ្មទណ្ឌ ៥០៥ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យវិសាខបូជា ហើយការលើកលែងទោសនេះទៀតសោត ធ្វើឡើងដើម្បីសន្តិភាពផ្លូវចិត្តនៃប្រជាជនមីយ៉ាន់ម៉ា និងឈរលើគោលការណ៍ មនុស្សធម៌។ ប៉ុន្តែចំពោះអ្នកដែលត្រូវបានដោះលែង ហើយបានប្រព្រឹត្តបទល្មើសម្ដងទៀត នោះនឹងត្រូវអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់ឡើងវិញ ជាមួយនឹងការ ដាក់ទណ្ឌកម្មបន្ថែមផងដែរ។
គួរបញ្ជាក់ថា មនុស្សច្រើនជាង ២១,០០០នាក់ ត្រូវឃាត់ខ្លួន ចាប់តាំងពីរបបសឹកមីយ៉ាន់ម៉ា ធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោងសាន ស៊ូជី ចេញពី អំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបណ្ដាលឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះធ្លាក់ក្នុងភាពចលាចលនៃអំពើហិង្សាមកទល់នឹងសព្វថៃ្ង។ ដោយឡែក បើតាមអង្គការសហប្រជាជាតិ អ្នកកាសែតយ៉ាងហោច ១៧០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ៕