Alynana Media Cambodia
Icon Collap
clinic narit

​ក្នុង​ត្រីមាស​ទី​១ឆ្នាំ​២០២៣ទំហំ​ពាណិជ្ជកម្ម​អន្តរ​​ជាតិ​កម្ពុជា​សម្រេចបាន​ជាង១១ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ​ជាង​១៤ភាគរយ

Media LNN | May 05, 2023
​ក្នុង​ត្រីមាស​ទី​១ឆ្នាំ​២០២៣ទំហំ​ពាណិជ្ជកម្ម​អន្តរ​​ជាតិ​កម្ពុជា​សម្រេចបាន​ជាង១១ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ​ជាង​១៤ភាគរយ
Clinic narith

ភ្នំពេញៈ ឥទ្ធិពល​វិបត្តិ​ដែល​បណ្តាលមកពី​ជម្លោះ​ភូមិសាស្ត្រ​ន​យោ​យ​បាយ ពិសេស​សង្គ្រាម​រវាង​រុស្ស៊ី​​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ចរន្ត​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​អន្តរជាតិ ចាប់តាំងពី​ឆមាស​ទី២ ឆ្នាំ ​២០២២ គឺ​មិនល្អ​ឡើយ ជាក់ស្តែង​ទំហំ​ពាណិជ្ជកម្ម​អន្តរ​​ជាតិ​របស់​កម្ពុជា​ក្នុង​ត្រីមាស​ទី ​១ ឆ្នាំ ​២០២៣ សម្រេចបាន​ជាង ១១ ​ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ​ជាង​ ១៤ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ការនាំចេញ​​នាំចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ​ទាំងអស់​មាន​ចំនួន ១១ ២៥២,១៤​ លាន​ដុល្លារ ធ្លាក់ចុះ ១៤,៥១ ​ភាគ​​រយ​ពី​ចំនួន ១៣ ១៦២,៧៤ ​លាន​ដុ​​ល្លារ​កាលពី​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២២​។ សម្រាប់​ការនាំចេញ​របស់​កម្ពុជា គឺមាន​ទឹកប្រាក់ ៥ ៣៩២,០១​ លាន​ដុ​​ល្លារ ធ្លាក់ចុះ ៥,៧ ​ភាគរយ ចំណែក​ការនាំ​ចូល​ទំនិញ​ពី​ក្រៅប្រទេស​មាន​ទឹកប្រាក់ ៥ ៨៦០,១៣ ​លាន​ដុល្លារ ធ្លាក់ចុះ ២១,៣ ​ភាគរយ​។​

​ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​អន្តរ​​ជាតិ​របស់​កម្ពុជា​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ធៀប​ទៅនឹង​ត្រីមាស​ទី៤ ឆ្នាំ ​២០២២ គឺ​ធ្លាក់ចុះ ១,៣១ ​ភាគរយ​ពី​ចំនួន ១១ ៤០១,៩៣ ​លាន​ដុល្លារ​មក​នៅត្រឹម ១១ ២៥២,១៤ ​លាន​ដុល្លារ ដោយ​ការនាំចេញ​របស់​កម្ពុជា​បាន​កើនឡើង ៣,២ ​ភាគរយ ពី​ចំនួន ៥ ២២៤,៥៩ ​លាន​ដុល្លារ មកដល់ ៥ ៣៩២,០១​ លាន​ដុល្លារ ខណៈ​ការ​​នាំ​ទំនិញ​ចូល​បាន​ធ្លាក់ចុះ ៥,១៣​ ភាគរយ គឺ​ពី​ចំនួន ៦ ១៧៧,៣៤ ​លាន​ដុល្លារ មក​នៅត្រឹម ៥ ៨៦០,១៣​ លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​​ប៉ុស្តិ៍​ ពី​ប្រទេស​ទេស​អូស្ត្រាលី​ នៅ​ថ្ងៃទី​ ៤ ខែឧសភាថា ទោះបីជា​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩ លើ​ពិភពលោក​កាន់តែ​ធូរស្រាល ប៉ុន្តែ​វិបត្តិ​ដែល​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​ ២០២២ បានធ្វើឱ្យ​សកម្មភាព​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ស្ទើរ​គ្រប់​ប្រ​​ទេស​ធ្លាក់ចុះ ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ​។ តាមពិតទៅ​ការធ្លាក់ចុះ​នោះ គឺ​កើតមាន​តាំងពី​ក្នុងអំឡុង​ឆមាស​ទី​២ ឆ្នាំ ២០២២ មក​ម្ល៉េះ គឺ​មិនមែន​ទើប​ចាប់ផ្តើម​នា​ដើមឆ្នាំ​ ២០២៣​ នេះឡើយ​។​

​លោក​ប្រាប់ទៀតថា សម្រាប់​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា គឺ​ការធ្លាក់ចុះ​មាន​ចំនួន​ច្រើន​សម្រាប់​ទំ​​និ​ញ​នាំចូល ប៉ុន្តែ​ការនាំចេញ​គឺ​ធ្លាក់ចុះ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ការណ៍​នេះ​ក៏បាន​ធ្វើឱ្យ​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ (​ចំនួន​ទឹកប្រាក់​នាំចេញ និង​នាំចូល​)​ មាន​គម្លាត​កាន់​​តែ​តូច​ផងដែរ​។​

 

​លោក​និយាយថា​៖ «​យើង​ឃើញថា ទំហំ​ទឹកប្រាក់​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​​ឆ្នាំ​ ២០២២ និង​ដើមឆ្នាំ ​២០២៣ គឺ​មិនមាន​ភាពល្អប្រសើរ​ទេ​។ មូលហេតុ គឺ​ដោយសារ​សម្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ដៃគូ​កម្ពុជា​ជួប​បញ្ហា​។ ទោះបីយ៉ាងណា បើ​គិត​មកដល់ពេលនេះ​ស្ថានភាព​ហាក់​មាន​ភាពប្រសើរឡើង​វិញ​ជា​បណ្តើរៗ​ខ្លះ​ហើយ​»​។​

​លោក​អះអាងថា នៅពេល​ស្ថាន​​ភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភព​​លោក​ល្អប្រសើរ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​នឹង​ហក់​ឡើង​ខ្ពស់ ព្រោះ​នៅក្នុង​ដៃ​របស់​កម្ពុជា​បច្ចុប្បន្ន គឺមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី​ជាមួយ​ប្រទេស​ជាច្រើន​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី​​អ៊ុយ​ក្រែ​ន ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​រីកចម្រើន​ដូចជា​អាមេរិក និង​តំបន់​អឺរ៉ុប​រង​ផល​​ប៉ះពាល់ គឺ​កំពុង​ជះឥទ្ធិពល​ខ្លាំង​ដល់​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា ពិសេស​ផលិតផល​វាយ​ន​ភណ្ឌ​។​

​លោក​ថ្លែងថា​៖ «​ឥទ្ធិពល​នៃ​សង្គ្រាម​នេះ​បានធ្វើឱ្យ​អាក់ខាន​ដល់​ចង្វាក់​ផ្គត់​​ផ្គង់​វត្ថុធាតុដើម​មួយចំនួន ហើយក៏​ធ្វើឱ្យ​តម្លៃ​វត្ថុធាតុដើម តម្លៃ​ដឹកជញ្ជូន និង​អតិផរណា​កើនឡើង​។ នេះ​ជាហេតុ​ធ្វើឱ្យ​តម្រូវការ​ទំនិញ​ធ្លាក់ចុះ​»​។​

​ទោះជា​យ៉ាងណា លោក​មាន​សុ​ទិ​​ដ្ឋិ​និយម​ថា បន្ទាប់ពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​នៅ​ប្រទេស​​អ៊ុយ​ក្រែ​ន​បញ្ចប់ទៅ ការនាំចេញ​កសិផលរ​បស់​កម្ពុជា​នឹង​ហក់​ឡើង​ខ្ពស់​ខ្លាំង ពិសេស​ប្រភេទ​ទំនិញ​ដែល​ស្ថិតក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នានា​៕