Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឧកញ៉ា កែវ មុំ ផ្តល់ឱកាសដល់ជនពិការ អាចចូលធ្វើការនៅក្រុមហ៊ុនផលិតនំស្រួយ លីលី

Media LNN | May 09, 2023
ឧកញ៉ា កែវ មុំ ផ្តល់ឱកាសដល់ជនពិការ អាចចូលធ្វើការនៅក្រុមហ៊ុនផលិតនំស្រួយ លីលី
Clinic narith

ឧកញ៉ា កែវ មុំ ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី ​​​បាន​​ឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​របស់​លោកជំទាវ បាន​​​លើក​ទឹកចិត្ត និង​​​បើក​ផ្តល់​ឱកាស​ដល់​ជន​មាន​ពិការភាព​ ​និង​ជន​មិនចេះ​អក្សរ អាច​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ផលិតនំស្រួយ លីលី បាន ហើយអាច​ទទួល​បាន​ប្រាក់ខែ ស្មើ​នឹង​បុគ្គលិក​ទូទៅដែរ។

24-Cheam-phorn1-Copy-1024x759-14

លោកជំទាវ​ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បាន​បង្ហើប​ប្រាប់​ដល់ ឧកញ៉ា ញូស៍ ក្នុង​បទ​សម្ភាសន៍​​មួយ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ថា ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី តែងតែ​ជួយគាំទ្រ និងផ្តល់​ឱកាស​ការងារ​ដល់បុគ្គលិក ជាពិសេស​ជនមាន​ពិការភាព ជន​​មិនចេះ​អក្សរ ឬ​អនក្ខរភាព ​​ហើយ​ក្រុមហ៊ុន​តែងតែ​ជួយ​បណ្តុះបណ្តាល​ជូន​ពួកគាត់​បន្ថែម។

“ម្យ៉ាងទៀត យើង​មិន​តម្រូវ​ឱ្យ​ពួកគាត់​ចេះអក្សរ​ទាំង​អស់​នោះ​ទេ គ្រាន់​តែ​ត្រូវការ​កម្លាំង​របស់​ពួកគាត់ ​​ដើម្បី​ធ្វើការ​ច្រកនំ ផលិត​នំ ដែល​ជា​ការងារ​ស្រាលៗ​សម្រាប់​ពួកគាត់។ ចំពោះ​ជនពិការ គឺ​យើង​ត្រូវការ​តែ​ដៃ​របស់​គាត់ ដើម្បី​ច្រកនំ និង​ជាការងារ​ស្រាល​បំផុត ដូច្នេះ​បើគាត់​ពិការ​ជើង មិន​អាច​ដើរ​បាន ក៏​យើង​ផ្តល់​ឱកាស​ការងារ​ឱ្យ​គាត់​ធ្វើ​បាន​ដែរ ហើយ​ប្រាក់​បៀវត្ស ​​យើង​ផ្តល់​ឱ្យ​ពួកគាត់​ស្មើ​នឹង​បុគ្គលិក​ដទៃ​​ទៀត​ដូចគ្នា ដោយសារ​យើង​មាន​ការ​លើក​ទឹកចិត្ត និង​ផ្តល់ឱកាស​ជូន​ពួកគាត់”។ ឧកញ៉ា កែវ មុំ បាន​បន្ថែម។

លោកជំទាវ​ឧកញ៉ា កែវ មុំ បាន​បញ្ជាក់​បន្ថែម​ថា មក​ដល់​បច្ចុប្បន្ន​​​នេះ ក្រុមហ៊ុន​ លីលី មាន​បុគ្គលិក​ពិការ​ចំនួន​ ៦នាក់ ក្នុង​នោះ​បុគ្គលិក​ពិការ​ជើង ដើរ​មិន​រួច​តែ​ម្តង​មាន​ចំនួន ៣​នាក់ និងបុគ្គលិក​ពិការ​ជើង​ម្ខាង​ហើយ​មាន​ជើង​សិប្បនិមិត្ត​ម្ខាង​​​អាច​ដើរបាន មាន​ចំនួន ៣នាក់​ទៀត។ លោកជំទាវ បន្ត​ថា សម្រាប់​ជនពិការ​ជើង​​ដទៃ​ទៀត ដែល​មាន​បំណង​ចង់​​ចូល​បម្រើការងារ​នៅ​ក្រុមហ៊ុន លីលី លោកជំទាវ​នឹង​បន្ត​ស្វាគមន៍​​​ និង​ផ្តល់​ឱកាស​ជូន​ជានិច្ច។

គួរបញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី ដែលមានរោងចក្រ​ ស្ថិត​នៅ​ភូមិ​ក្បាលដំរី សង្កាត់កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​​បាន​ចាប់​ផ្តើម​ដំណើរការ​ ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០១២។ ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី មិន​ត្រឹម​ជា​សហគ្រាស​ផលិត​​ ដើម្បី​ផ្គត់​ផ្គង់​​ ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​ក្លាយ​ជា​ក្រុមហ៊ុន​ខ្មែរ​ដំបូង​គេ ដែល​​មាន​សមត្ថភាព​ លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ផលិត​ ជា​ផលិតផល​សម្រេច​ចំណី​អាហារ នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីតាលី មីយ៉ាន់ម៉ា វៀតណាម ចិន ម៉ាឡេស៊ី​កូរ៉េខាងត្បូង ​និង​ប្រទេស​​​ផ្សេងៗ​ទៀត​ផង​ដែរ៕