សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសជាផ្លូវការហើយពីការផ្ដល់ជំនួយយោធាថ្មីទំហំ ១.២ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលក្នុងនោះរួមមានបញ្ចូលទាំងប្រព័ន្ធការពារដែនអាកាស គ្រាប់កាំភ្លើងធំ និងមីស៊ីលប្រឆាំងយន្ដហោះដ្រូន សេវារូបភាពផ្កាយរណប រួមទាំងមូលនិធិសម្រាប់ការបណ្ដុះបណ្ដាល យោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងកញ្ចប់ជំនួយយោធាថ្មីខាងលើ អ៊ុយក្រែនក៏នឹងទទួលបានផងដែរនូវបច្ចេកវិទ្យាដែលនឹងអនុញ្ញាត ក៏ដូចជាសម្រួលដល់ការធ្វើសមាហរណកម្មរវាងប្រព័ន្ធការពារដែនអាកាស លោកខាងលិច មីស៊ីល និងប្រព័ន្ធរ៉ាដា ជាមួយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិអាមេរិកបានសង្កត់ធ្ងន់ថា «រុស្ស៉ីបានបាញ់ ស្រោចមីស៊ីលលើអ៊ុយក្រែន ដែលយោធារបស់ពួកគេកំពុងសម្របខ្លួនក្នុងការបាញ់ទម្លាក់មីស៊ីលទាំងនោះ...កញ្ចប់ជំនួយយោធាថ្មីនេះក៏នឹងមានបញ្ចូលដែរនូវមីស៊ីលបាញ់ទម្លាក់ យន្ដហោះដ្រូន»។
គួរបញ្ជាក់ថា គិតក្នុងឆ្នាំសារពើពន្ធ២០២៣នេះ ក្រសួងការពារជាតិអាមេរិកបានផ្ដល់ជំនួយយោធាជាង ៥ពាន់លានដុល្លារហើយដល់ទីក្រុងកៀវ នៅក្រោមគំនិតផ្ដួចផ្ដើមជំនួយសន្តិសុខ សម្រាប់អ៊ុយក្រែន ដែលធ្វើឡើងជា៤ដំណាក់កាលកន្លងមកនេះ ខណៈកាលពីឆ្នាំសារពើពន្ធ២០២២ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយ ៦.៣ពាន់លានដុល្លារដល់អ៊ុយក្រែន នៅក្រោម គំនិតផ្ដួចផ្ដើមដដែល។ បន្ថែមពីលើនេះ សហរដ្ឋអាមេរិកក៏បានផ្ដល់ជំនួយយោធាជាង ៣៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនផងដែរ ដោយប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតី ដែលអនុញ្ញាតឱ្យរដ្ឋបាលលោក ចូ បៃដិន ដកអាវុធចេញពីឃ្លាំងស្ដុក ដោយមិនចាំបាច់មានការអនុម័តពីសភា ក្នុងករណីអាសន្ន៕