Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ផ្លែ​មៀន​ស្រស់​ចំនួន ៣ ៤២២,២៥​ តោន ​ត្រូវបាន​កម្ពុជា​នាំចេញទៅកាន់​ប្រទេស​ចិន​ក្នុង​រយៈពេល​ ៣ ​ខែ​ដើមឆ្នាំ​ ២០២៣

Media LNN | May 10, 2023
ផ្លែ​មៀន​ស្រស់​ចំនួន ៣ ៤២២,២៥​ តោន ​ត្រូវបាន​កម្ពុជា​នាំចេញទៅកាន់​ប្រទេស​ចិន​ក្នុង​រយៈពេល​ ៣ ​ខែ​ដើមឆ្នាំ​ ២០២៣
Clinic narith

ផ្លែ​មៀន​ស្រស់​ចំនួន ៣ ៤២២,២៥​ តោន ​ត្រូវបាន​កម្ពុជា​នាំទៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​ ៣ ​ខែ​ដើមឆ្នាំ​ ២០២៣ ខណៈ​ការនាំចេញ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន​ ត្រូវបានធ្វើ​ឡើងជាផ្លូវការ​លើកដំបូង​កាលពី​ខែតុលា ឆ្នាំ ​២០២២​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​កសិក​ម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ទីផ្សារ​ផ្លែ​មៀន​ស្រស់​កម្ពុជា បានចាប់ផ្តើម​មាន​ភាព​ល្អប្រសើរ​តាំងពីដើម​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២២ ដោយ​ប្រទេស​ចិន​បាន​អនុ​ញ្ញ​ត​ឱ្យ​កម្ពុជា​នាំចេញ​ផ្លែ​មៀន​ស្រស់​ជា​ផ្លូវការ​ទៅ​ទីផ្សារ​របស់ខ្លួន ខណៈ​កាលពី​អំឡុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២១ ដោយសារ​មិនមាន​ទីផ្សារ​ច្បាស់លាស់ ​(​ប្រទេស​ថៃ ​ផ្អាក​​ទិញ​) បានធ្វើឱ្យ​តម្លៃ​ផ្លែ​មៀន​ធ្លាក់ចុះ​យ៉ាងគំហុក និង​ត្រូវបាន​ប្រជាកសិករ​មួយចំនួន​ទុក​ផ្លែ​មៀន​ឱ្យ​រលួយ​ចោល​ទៀតផង​។​

​មៀន​ស្រស់ គឺជា​ផ្លែឈើ​ប្រភេទ​ទី៣ របស់​កម្ពុជា​ដែលមាន​ឱកាស​បង្ហាញ​វត្ត​មាននៅ​ទីផ្សារ​របស់​ប្រទេស​ចិន​បន្ទាប់ពី​ផ្លែស្វាយ និង​ចេក​។​

​ប្រធាន​សហគមន៍​កសិក​ម្ម​ផលិត​ផល​មៀន​ប៉ៃលិន លោក សួស ស៊ី​យ៉ា​ត បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ឱ្យដឹង​នៅ​ថ្ងៃទី​ ៩ ខែឧសភា​ថា ចាប់តាំងពី​ប្រទេស​ចិន​យល់ព្រម​ទិញ​ផ្លែ​មៀន​ពី​កម្ពុជា ប្រជាកសិករ និង​ម្ចាស់​ចម្ការ​ធំៗ​មិនមាន​ក្តីបារម្ភ​ពី​កង្វះ​ទីផ្សារ ឬ​ការធ្លាក់ចុះ​តម្លៃ​ខ្លាំង​ដូច​មុន​ទៀត​ទេ ខណៈ​មុនពេល​មាន​ទីផ្សារ​នាំចេញ​ទៅ​ប្រទេស​ចិន គឺ​ការនាំចេញ​ផ្លែ​មៀន​ស្រស់​របស់​បណ្តា​ខេត្ត​នៅ​ភាគ​ពាយព្យ​ត្រូវ​ពឹង​ផ្អែកលើ​ប្រទេស​ថៃ​ទាំង​ស្រុង​។

លោក​បន្តថា វត្តមាន​របស់​ទីផ្សារ​ចិន​មិន​ត្រឹមតែ​ធ្វើឱ្យ​ទីផ្សារ​ផ្លែ​មៀន​មានដំណើរ​ការល្អ​ប៉ុណ្ណោះ​ទេ សូម្បីតែ​ចំនួន​ក្រុមហ៊ុន​វិនិយោគ​លើ​ការកែច្នៃ និង​វេច​ខ្ចប់​ផ្លែ​មៀន​ក្រៀម​សម្រាប់​ទីផ្សារ​នៅក្នុង​ស្រុក និង​បរទេស​ក៏​កើនឡើង​ដែរ​។​

 

​លោក​និយាយថា​៖ «​ទីផ្សារ​ចិន​បានរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ធ្វើឱ្យ​ផលិត​កម្ម​មៀន​កម្ពុ​ជាមាន​វ​ឌ្ឍ​នភា​ព​ទៅមុខ​។ ប្រជាកសិករ​អ្នក​ដាំ​ដុះ​មិន​មានការ​ព្រួយ​បារម្ភ​ពី​កង្វះ​ទីផ្សារ​ដូច​មុន​ទៀត​ទេ​»​។​

​លោក ភ​ត់ សុផាន់​បូរី ប្រធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល​ក្រុមហ៊ុន ពេជ្រ​ចិន្តា ហ្រ្វូត​ប្រូ​ដាក់​សិន ភី​អែ​ហ្វ​ភី ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​ការដាំដុះ និង​កែច្នៃ​ផលិត​ផល​ពី​ផ្លែ​មៀនបាន​និយាយថា ទោះបី​ទីផ្សារ​ចិន​មិនបាន​ជួយ​ឱ្យ​តម្លៃ​ផ្លែ​មៀន​ស្រស់​ហក់​ឡើង​ខ្ពស់ ប៉ុន្តែ​សម្រាប់​ប្រជា​កសិករ​អ្នក​ដាំ​ដុះ និង​ម្ចាស់​ចម្ការ គឺ​មិនមាន​បញ្ហា​ចោទ​ទៀត​ទេ​។ ការនាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ប្រទេស​ចិន គឺធ្វើឡើង​ភាគច្រើន​នៅ​ត្រីមាស​ទី​​ ១ និង​ទី​ ៣ នៃ​ឆ្នាំ​នីមួយៗ ខណៈ​ក្នុង​ត្រីមាស​ទី​ ២ និង​ទី​ ៤ គេ​មាន​តម្រូវការ​ខ្ពស់​នូវ​ផលិត​ផល​ផ្លែឈើ​តាម​រដូវ​មួយចំនួនទៀត​ដូចជា ទុរេន មង្ឃុត និង​សាវម៉ាវ ជាដើម​។​

​លោក​បន្តថា ក្នុងអំឡុង​ខែមេសា និង​ឧសភា នេះ​ផល​ផ្លែ​មៀន មាន​បរិមាណ​តិចតួច និង​គុណភាព​មិនសូវ​ល្អ​ឡើយ ​(​អាកាសធាតុ​ក្តៅ ខ្វះ​ទឹក​)​។ កាលពី​ត្រីមាស​ទី​ ១ កន្លងមក ផ្លែ​មៀន​ស្រស់ មានតម្លៃ​មធ្យម ៣ ២០០ ​រៀល ​(០,៨​ដុល្លារ​)​ ក្នុង​ ១ ​គីឡូក្រាម​។​

​លោក​បញ្ជាក់ថា​៖ «​ទោះបី​កម្ពុជា​ទើប​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ទីផ្សារ​ប្រទេស​ចិន ​(​ចុងខែ​តុលា ឆ្នាំ​ ២០២២) ប៉ុន្តែ​ទីផ្សារ​នេះ​បានធ្វើឱ្យ​អ្នក​ដាំ​មាន​ទំនុក​-​ចិត្ត​ចំពោះ​ទីផ្សារ និង​តម្លៃ​»​។​

​បើតាម​លោក សុផាន់​បូរី ដើម​មៀន នឹង​ផ្តល់​ផល​ចាប់ពី​អាយុ ៤ ​ឆ្នាំ​ដល់ ​៦០​ ឆ្នាំ ​(​យូរ​បំផុត​)​ ដោយ​ក្នុង ១​ ឆ្នាំ​ផ្តល់​ផល ១​ ដង​។ ចាប់ពី​អាយុ ១០-៤០ ​ឆ្នាំ​ក្នុង​ដី​ ១ ​ហិកតា​ដើម​មៀន​អាច​ផ្តល់​ផល​ជា​មធ្យម​លើស ១០ ​តោន​ក្នុង ​១​ ឆ្នាំ​។​

​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង លោក គឹម ហួត បាន​និយាយថា ទីផ្សារ​ប្រទេស​ចិន បាន​ជួយ​ឱ្យ​តម្លៃ​ផ្លែ​មៀន​ស្រស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ នេះ​ល្អ​ប្រសើរ​ជាង​ឆ្នាំមុនៗ​ដោយ​ចន្លោះ​ពី​ដើមខែ​សីហា ដល់​ចុងខែ​ធ្នូ ឆ្នាំ​ ២០២២ ផ្លែ​មៀន​ស្រស់​នៅ​ខេត្តបាត់ដំបង មានតម្លៃ​មធ្យម ៣ ៦០០ ​រៀល​ក្នុង ​១ ​គីឡូក្រាម ចំណែក​ក្នុង​ខែមករា និង​កុម្ភៈ មានតម្លៃ ៤ ០០០ ​រៀល និង​ចាប់ពី​ខែមីនា ដល់​ថ្ងៃនេះ ​(​ថ្ងៃទី​ ៩ ខែឧសភា​) មៀន​ស្រស់​មានតម្លៃ​ជា​មធ្យម ៤ ៥០០ ​រៀល​។​

​លោក​បាន​អះអាងថា​៖ «​បើតាម​ខ្ញុំ​គិត គឺ​នៅ​ឆ្នាំក្រោយៗ​ទៀត តម្លៃនឹង​រក្សា​បានល្អ ហើយ​ការបញ្ជាទិញ​ពី​ទីផ្សារ​ប្រទេស​ចិន គឺ​នៅតែមាន​»​។​

​ទោះយ៉ាងណា លោក​លើកឡើងថា ដើម្បី​អាចមាន​ទីផ្សារ​ទទួល​ទិញ​រឹងមាំ និង​បាន​តម្លៃ​ល្អ​នោះ គឺ​ត្រូវ​ទាមទារ​ឱ្យ​កសិករ​ខិតខំ​ថែរក្សា​ដើម និង​គុណភាព​ផ្លែ​ឱ្យ​បានល្អ​ផងដែរ​។​

​ក្នុង​ពិធី​សម្ពោធ​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ជា​ផ្លូវការ​ទៅ​ទីផ្សារ​ប្រទេស​ចិន កាលពី​ថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ ​២០២២ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា ការទទួលបាន​សិទ្ធិ​នាំចេញ​ផ្លែ​មៀន​ស្រស់​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន គឺជា​ការបោះ​ជំហាន​ទៅមុខ​យ៉ាង​វែង​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុ​ជា​។​

​យោងតាម​លោក ឌិ​ត ទីណា នៅពេល​ខាងមុខ កម្ពុជា​នឹង​បើក​ការចរចា​ជាមួយ​រដ្ឋាភិបាល​ចិន​សម្រាប់​ការនាំ​ចេញ​កសិផល​ផ្សេងទៀត​ដូចជា ម្រេច ដូងក្រអូប ទុរេន ផលិតផល​សម្បក​ត្រចៀកកាំ ផ្លែ​ម្នាស់ ផ្លែ​ខ្នុរ និង​គ្រាប់​ឈូក​ជាដើម​៕