ភ្នំពេញៈ ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd បាន បើកការដ្ឋានសាងសង់រោងចក្រផលិតសម្បកកង់រថយន្តរបស់ខ្លួនក្នុងខេត្តក្រចេះជាមួយនឹងទុនវិនិយោគប្រមាណ ១៣៨ លានដុល្លារ ដែលអាចមានសមត្ថភាពផលិតបានរហូតដល់ ៨,៥ លានសម្បកកង់ក្នុង ១ ឆ្នាំ។
ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd គឺជាបុត្រសម្ព័ន្ធក្រុមហ៊ុនផលិតសម្បកកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន Doublestar Group ដែលជាក្រុមហ៊ុនរដ្ឋចុះបញ្ជី លើផ្សារភាគហ៊ុននៅខេត្តសានទុង។
រោងចក្រផលិតសម្បកកង់រថយន្តរបស់ក្រុមហ៊ុន Newbustar ត្រូវបានសាងសង់លើផ្ទៃដី ៤០ ហិកតានៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ក្នុងស្រុកស្នួល ខេត្តក្រចេះ។ នេះបើតាមរដ្ឋបាលខេត្តក្រចេះ។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រនេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះបានសាទរចំពោះការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ដែលបានរួមចំណែកជាមួយនឹងរដ្ឋបាលស្រុកស្នួល រដ្ឋបាលខេត្តក្រចេះនិងរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានកាន់តែល្អ។
លោកថ្លែងថា៖ «កម្ពុជាបានទាក់ទងដៃគូអភិវឌ្ឍន៍ឱ្យមកវិនិយោគនៅក្នុងតំបន់ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដែលនាំឱ្យតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល មានការអភិវឌ្ឍពី ១ ឆ្នាំទៅ ១ ឆ្នាំ»។
លោកបន្ថែមថា៖ «ជាក់ស្តែងថ្ងៃនេះបានរៀបចំពិធីបញ្ចុះបឋមសិលាដើម្បីបើកការដ្ឋានសាងសង់រោងចក្រផលិតសម្បកកង់រថយន្តរបស់ក្រុមហ៊ុន Newbustar ដែលជាវិនិយោគិនមកពីទីក្រុងឈីងតាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយវិនិយោគលើផ្ទៃដីចំនួន ៤០ ហិកតា និងទំហំទឹកប្រាក់វិនិយោគប្រមាណជាង ១៣៨លានដុល្លារគ្រោងនឹងសាងសង់ឱ្យបានបញ្ចប់រួចរាល់នៅក្នុងដំណាក់ទី ១ ក្នុងខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ»។
លោក ឆៃ យ៉ុនសើន ប្រធានក្រុមហ៊ុន Newbustar បានឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនជ្រើសរើសសាងសង់រោងចក្រនៅខេត្តក្រចេះគឺដោយសារតែចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំង ២។
លោកលើកឡើងថា៖ «វាមិនត្រឹមតែជាសកម្មភាពដ៏សំខាន់របស់ Double Star Group ក្នុងការឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើម «ផ្លូវ ១ ខ្សែ ក្រវាត់ ១» របស់ប្រទេសចិនក្នុងការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយនឹងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយជំរុញការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារជាច្រើន»។
ក្នុងនាមជាក្រុមហ៊ុនដែលមានអាយុកាល ៩៨ ឆ្នាំ Double Star គឺជាក្រុមហ៊ុនសម្បកកង់ ដែលគ្រប់គ្រងដោយរដ្ឋតែ១គត់នៅខេត្តសានទុង។ ដើម្បីបន្តបង្កើតសហគ្រាសលំដាប់ថ្នាក់ពិភពលោកជាមួយនឹងទ្រង់ទ្រាយកាន់តែធំជាងមុន ក្រុមហ៊ុន Double Star Group បានចាប់ផ្តើមផែនការទិញយក Kumho Tire ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៦។ នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៨ ការទិញយកភាគហ៊ុនត្រូវបានបញ្ចប់ដោយ Double Star កាន់កាប់ភាគហ៊ុនបាន ៤៥ ភាគរយ។
កាលពីខែមីនា ក្រុមហ៊ុនចិន General Tires Technology (Cambodia) ដែលបានវិនិយោគប្រមាណ ៣០០ លានដុល្លារក្នុងការបង្កើតរោងចក្រផលិតសម្បកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុក៏បានបើកដំណើរការផលិតជាផ្លូវការ។ រោងចក្រនេះអាចផលិតសម្បកកង់រថយន្តបានប្រមាណ ៥,៩ លានក្នុង ១ ឆ្នាំ៕