ស្ថានទូតចិនប្រចាំកម្ពុជាបានប្រកាសឱ្យដឹងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣នេះថា ម្រេចរបស់កម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន ដែលអាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។
ទីតាំងដាំម្រេចចំនួន ២៨ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៧កន្លែងត្រូវបានចុះបញ្ជី និងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។
ស្ថានទូតចិនប្រចាំកម្ពុជាបញ្ជាក់ថា ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិននិងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាកាលពីថ្ងៃទី ១០-១១ ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេច និងរោងចក្រវេចខ្ចប់ម្រេចតាមរយៈ Video Conference។
សូមជំរាបថា ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕