កម្ពុជា បាននាំទំនិញចេញទៅប្រទេសវៀតណាម សម្រេចបានទឹកប្រាក់ប្រមាណ ២៧១លានដុល្លារ កើនឡើង ២៤.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ សម្រេចបានតែជាង ២១៨លានដុល្លារប៉ុណ្ណោះ។ កំណើននៃការនាំចេញនេះ នាំឱ្យវៀតណាម ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីអាមេរិក ដែលទទួលទិញទំនិញរបស់កម្ពុជា ច្រើនជាងគេ នៅក្នុងខែមេសាកន្លងទៅ។ នេះបើតាមស្ថិតិពាណិជ្ជកម្មនាំចេញទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ដោយឡែករយៈពេល ៤ខែ ចាប់ពីខែ មករា ដល់មេសា ឆ្នាំ ២០២៣ ប្រទេសទាំងពីរ បានដោះដូរទំនិញគ្នា គិតជាទឹកប្រាក់ប្រមាណជាង ២.៤ពាន់លានដុល្លារ កើនឡើង ៥.៦ភាគរយ ក្នុងនោះ កម្ពុជា នាំចេញមានតម្លៃជាង ១.១ពាន់លានដុល្លារ ខណៈវៀតណាម នាំទំនិញចូលមកវិញមានតម្លៃជាង ១.២ពាន់លានដុល្លារ។
សម្រាប់ទំនិញចម្បងគេដែលកម្ពុជានាំទៅវៀតណាម គឺផលិតផលកសិកម្ម រួមមាន (ស្រូវ, កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី ជាដើម), ចំណែកផលិតផលវៀតណាមនាំមកកម្ពុជា មានដូចជា ដែក សម្ភារសំណង់ ប្រេង បន្លែ ផ្លែឈើ ជី និងគ្រឿងយន្ត ជាដើម។
សូបញ្ជាក់ថា ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបានទឹកប្រាក់សរុបជាង ៦.១ ពាន់លានដុល្លារ កើនឡើង ១៩,៦ ភាគរយបើធៀបឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទំនិញទៅវៀតណាម មានទឹកប្រាក់ជាង ២.១ពាន់លានដុល្លារ កើន ៩,២ ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជាមានចំនួនជាង ៣.៩ពាន់លានដុល្លារ កើនឡើង ២៦,២ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕