នៅថ្ងៃសុក្រទី១៩ខែឧសភា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្ហាញផែនការមហិច្ឆតាមួយ ដើម្បីជួយជំរុញការអភិវឌ្ឍរបស់តំបន់អាស៊ីកណ្តាល ឡើងទៅមួយកម្រិតទៀត ពោលគឺចាប់ពីការកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ទៅដល់ការជំរុញវិស័យពាណិជ្ជកម្ម។
ក្នុងសន្ទរកថានៅឯកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល ដែលធ្វើឡើងក្នុងទីក្រុង Xian នៃខេត្ត Shaanxi, លោក ស៊ី លើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសមាហរណកម្មយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាមួយប្រទេសអាស៊ីកណ្តាលចំនួន៥គឺ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន ហើយខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ទំនើបកម្មនៃប្រទេសទាំង៦។
លោក ស៊ី និយាយថា “ពិភពលោកត្រូវការតំបន់អាស៊ីកណ្តាលដែលមានស្ថិរភាព វិបុលភាព ភាពសុខដុមរមនា និងទំនាក់ទំនងល្អ”។
ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានោះ លោក ស៊ី ក៏ព្រមានដែរថា ប្រទេសទាំង៦ខាងលើ គួរតែប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ នៅក្នុងកិច្ចការផ្ទៃក្នុង និងប្រឆាំងការញុះញង់បដិវត្តន៍ពណ៌ ហើយរក្សាជំហរមិនអត់ឱនចំពោះអំពើភេរវកម្ម ការបំបែកខ្លួន និងភាពជ្រុលនិយម។
លើសពីនេះ លោក ស៊ី គូសបញ្ជាក់ថា “ប្រទេសចិន ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយបណ្តាប្រទេសអាស៊ីកណ្តាល ក្នុងការធ្វើឲ្យប្រសើរឡើងនូវការអនុវត្តច្បាប់ សន្តិសុខ និងការកសាងសមត្ថភាពការពារជាតិ”៕