សៀមរាបៈ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេលចំនួន ១០ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃទី ២៨ ខែឧសភា ដើម្បីតាំងបង្ហាញវត្ថុបុរាណដែលទើបរកឃើញថ្មីៗនៅតំបន់រមណីយដ្ឋានអង្គរនិងនៅតំបន់ភ្នំគូលែន។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ពិព័រណ៍នេះនឹងរៀបចំតាំងបង្ហាញវត្ថុបុរាណវត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួនដែលសារមន្ទីរបានជ្រើសរើសនិងទើបរកឃើញពីកំណាយស្រាវជ្រាវនៅតំបន់រមណីយដ្ឋានអង្គរ រួមនឹងកុលាលភាជន៍ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណតំបន់ភ្នំគូលែនផងដែរ។ សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍នេះចែកជា៣ប្រភេទ ក្នុងនោះវត្ថុដែលធ្វើពីដីឥដ្ឋមានលោហធាតុ សំរឹទ្ធ ស្ពាន់ដែកសំណរសមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់និងគ្រាប់ក្វាតជាដើម។
ប្រភពដដែលបន្ថែមថា សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ មានសុទិដ្ឋិនិយមថា ពិព័រណ៍នេះ នឹងផ្តល់ព័ត៌មានថ្មីៗស្ដីពីវឌ្ឍនភាព និងភាពរីកចម្រើនក្នុងវិស័យស្រាវជ្រាវ និងកំណាយតាមបែបបុរាណវិទ្យាក្នុងតំបន់ការពារបេតិកភណ្ឌរមណីយដ្ឋានអង្គរ។ សាធារណជនក៏អាចស្វែងយល់បន្ថែមពីការងារថែទាំនិងជួសជុលវត្ថុបុរាណ ក្រោយពេលបញ្ចប់ការងារស្រាវជ្រាវ ពីការដ្ឋានកំណាយផងដែរ។
ជុំវិញការតាំងពិព័រណ៍នេះលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរៀបចំតាំងពិព័រណ៍វត្ថុបុរាណដែលទើបរកឃើញថ្មីគឺដើម្បីបង្ហាញជូនទៅដល់សាធារណជនគ្រប់រូបឱ្យបានជ្រាបពីអ្វីៗដែលកន្លងមកបានបាត់បង់ទៅតាមពេលវេលា ទៅតាមកាលៈទេសៈ និងស្ថានភាពប្រែប្រួលក្នុងប្រទេសកម្ពុជា។
ហេតុដូច្នេះហើយ បានធ្វើឱ្យអ្នកជំនាន់ក្រោយនាពេលបច្ចុប្បន្ននេះតែងតែគិតថាវត្ថុបុរាណទាំងនោះត្រូវបានបាត់បង់និងមិនដឹងថា នៅទីណា ហើយមានអ្វីខ្លះដែលបុព្វបុរសបានបន្សល់ទុកក្រៅពីប្រាសាទនិងក្រៅពីអ្វីដែលបានឃើញ ខណៈដែលវត្ថុបុរាណទាំងនោះមួយចំនួនត្រូវបានបន្សល់ទុកនៅក្រោមដីដែលទាមទារឱ្យអ្នកជំនាន់ក្រោយត្រូវការសិក្សាត្រូវការស្រាវជ្រាវ ហើយត្រូវការស្វែងរកផងដែរ។
លោកបន្តថាការតាំងពិព័រណ៍បង្ហាញវត្ថុបុរាណនេះ វាជាលទ្ធផលមួយចំនួនតូចដែលបានសិក្សាស្រាវជ្រាវនិងបានស្វែងរកឃើញ។ ទោះបីជាយ៉ាងណាកិច្ចការស្រាវជ្រាវ ស្វែងរកវត្ថុបុរាណទាំងអស់នោះនឹងនៅតែបន្តជារៀងរហូតក្នុងតំបន់អង្គរក៏ដូចជាទីកន្លែងផ្សេងៗទៀត។
លោក ឡុងកុសល ថ្លែងថា៖«អ៊ីចឹងអ្វីដែលបង្ហាញនេះគឺចង់ជម្រាបជូនទៅដល់បងប្អូនសាធារណជនថា វាមានវត្ថុដែលជាការបន្សល់ទុកពីបុព្វបុរសនៅក្រោមដីហ្នឹងច្រើនណាស់អ៊ីចឹងសូមកុំធ្វើការគាស់កកាយឬក៏ធ្វើអ្វីដែលប៉ះពាល់ទៅដល់សំណល់បុរាណវិទ្យានៅក្រោមដីហ្នឹង។គួរទុកឱកាសឱ្យក្រុមសិក្សាស្រាវជ្រាវស្វែងយល់ អាហ្នឹងទើបជាប្រយោជន៍ទាំងអស់គ្នានៅថ្ងៃអនាគតដែលនេះជាគោលបំណងសំខាន់ដែលយើងចង់បង្ហាញរបស់របរ មរតកបុព្វបុរសយើងមួយចំនួន»។
លោកបន្តថា ពិព័រណ៍នេះ ក៏ជាការដាស់ស្មារតីនិងរំឭកទៅដល់គំនិតរបស់អ្នកជំនាន់ក្រោយថាអ្វីដែលជាការកសាងឬស្នាដៃរបស់បុព្វបុរស គឺវាពិតជាអស្ចារ្យខ្លាំងណាស់ហេតុដូច្នេះក្នុងនាមជាអ្នកជំនាន់ក្រោយត្រូវមានតួនាទីយ៉ាងណា ដើម្បីចូលរួមក្នុងការងារការពារ និងស្រាវជ្រាវវត្ថុបុរាណទាំងអស់នេះ។
បន្ថែមពីនេះលោកកុសលក៏សំណូមពរទៅដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករពីព្រោះការចូលរួមទស្សនានេះគឺមានអ្នកជំនាញដែលប្រចាំការនៅទីតាំងនោះនឹងធ្វើការពន្យល់ដល់សាធារណជនអំពីវិធីសាស្ត្រនៃការសម្អាតវត្ថុបុរាណផងដែរ។
សូមបញ្ជាក់ថា ពិព័រណ៍ខាងលើនេះធ្វើឡើងដើម្បីអបអរទិវាសារមន្ទីរអន្ដរជាតិថ្ងៃទី១៨ ខែឧសភាហើយនៅក្នុងថ្ងៃទី១៨នោះដែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិអាចចូលទស្សនាបានដោយឥតគិតថ្លៃ៕