ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងការហួសចិត្តនៅពេលឃើញមានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយ ពាក់ព័ន្ធនឹងការិរះគន់សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កា។
សម្ដេចតេជោ មានប្រសាសន៍ថា «យប់មិញហ្នឹង គឺហួសចិត្តមួយត្រង់ថា ស្រាប់តែឃើញដូចជា អគ្គេលខាធិការគណៈសង្ឃនាយក? ចេញសេចក្ដីប្រកាសមួយទៅទិតៀនឯណា សម្ដេច សៅរ៍ ចន្ទថុល្ល ឱព្រះហើយព្រះ! ព្រះអង្គអើយព្រះអង្គ! សុទ្ធតែសម្ដេចហើយ! សម្ដេច ព្រះអង្គអាចហៅគ្នាមកនិយាយបានទេ!?»។
សម្ដេចតេជោ បានថ្លែងបន្តទៀតថា បញ្ហានេះ មានតែសម្ដេច ចេញមុខទៅដោះស្រាយទៀតហើយ។ ក្នុងនោះ សម្ដេច ក៏អង្វរករឲ្យបញ្ឈប់ការទិតៀនគ្នា នៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។
«ហើយអ្នកណា ទៅនិយាយជាមួយលោកកើត វាមានតែខ្ញុំទៅទៀត អ៊ីចឹងខ្ញុំព្រះករុណាខ្ញុំ សុំអង្វរករពីចម្ងាយចំពោះសម្ដេចព្រះសង្ឃរាជ ព្រះរាជាគណៈ សម្ដេចព្រះសង្ឃនាយក នាយករង មេត្តាអធ្យាស្រ័យ ហើយនិយាយគ្នាទៅ ចាំបាច់អីចេញសេចក្ដីប្រកាសព័ត៌មានតាមហ្វេសប៊ុក»។ នេះជាប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គណៈសង្ឃស្រុះស្រួលគ្នា និងដោះស្រាយគ្នាដោយឈរលើគោលការណ៍សុខដុមនីយកម្មសាសនា កុំប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហា។
ទន្ទឹមនឹងនេះដែរសម្ដេចតេជោ ក៏បានស្នើឲ្យមានការសម្របសម្រួលគ្នា ឬលុបសេចក្ដីថ្លែងការណ៍ចោលវិញ។
សូមជម្រាបថា ការថ្លែងខាងលើយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣៕