សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធប្រញាប់ដោះស្រាយនិងឃាត់ខ្លួន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលរត់គេចខ្លួន ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ។ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ នៅថ្ងៃទី២៥ ឧសភានេះ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សមត្ថកិច្ចទាំងអស់ ជាពិសេសនគរបាលរាចរណ៍ទូទាំងប្រទេស ត្រូវប្រញាប់ដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានឆាប់រហ័ស ដោយត្រូវផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងហេតុការណ៍ដែលកើតឡើង។សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា៖ “ករណីបង្កគ្រោះថ្នាក់បណ្ដាលឱ្យរបួសធ្ងន់ និងស្លាប់ ហើយរត់គេចខ្លួន មិនទទួលខុសត្រូវ នៅស្រុកគេគឺមានទោសធ្ងន់ណាស់ ខណ:កម្ពុជាក៏កំពុងធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីដាក់បន្ទុកបន្ថែមលើអ្នកបង្កគ្រោះចរាចរណ៍នេះដែរ”។
សម្ដេចក្រឡាហោម បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ ត្រូវចេញវិក័យបត្រឱ្យបានត្រឹមត្រូវ ស្របតាមមាត្រាច្បាប់ដែលបានចែង រាល់ការផាកពិន័យ ជៀសវាងការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន និងត្រូវធ្វើការពន្យល់ អប់រំណែនាំប្រជាពលរដ្ឋមុននឹងធ្វើការផាកពិន័យបទល្មើសចរាចរណ៍ និងត្រូវគោរពសិទ្ធិប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការផាកពិន័យបទល្មើសចរាចរណ៍ត្រូវផ្អែកលើគោលការណ៍ច្បាប់ដែលមានជាធរមាន និងអនុវត្តឱ្យបានស្មើភាពគ្នា ដោយមិនប្រកាន់ ឬបែងចែកបក្ខពួកនោះទេ។ ទន្ទឹមនេះ រាល់ការផាកពិន័យត្រូវចេញវិក័យបត្រ និងយោងមាត្រាច្បាប់ឱ្យបានត្រឹមត្រូវ ជៀសវាង ការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា៖ “អាជ្ញាធរមូលដ្ឋាននៅទូទាំងរាជធានី-ខេត្តទាំងអស់ ត្រូវខិតខំធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ជាពិសេស ត្រូវយកចិត្តទុកដាក់ និងពិនិត្យឡើងវិញចំពោះអាជីវកម្មមួយចំនួនដែលបង្ករផលរំខាន ឬផលប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈរបស់ប្រជាពលរដ្ឋ និងពិនិត្យមើលចំពោះ ការផ្សព្វផ្សាយផលិតផលទាំងឡាយណាដែលមានឥទ្ធិពលអវិជ្ជមាន ឬហានិភ័យដល់សុវត្ថិភាពចរាចរណ៍”។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ដែលមានកំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍ និងជនរងគ្រោះ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ជាបន្ទាន់តាមទិសដៅការងារឆ្នាំ២០២៣។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យចូលរួមគោរពអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”៕