ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យថៅកែរោងចក្រ និងកម្មករ កម្មការិនីធ្វើការរួមគ្នាបំពេញឲ្យគ្នាទៅវិញទៅមក។ នេះជាការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត ជិត ២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) ដែលជាថ្ងៃទី២ នៃការសំណេះសំណាល នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថៅកែដើម្បីក្លាយខ្លួនជាថៅកែ មិនមែនមានតែរោងចក្រមួយហើយគ្មានកម្មករនោះ ហៅថា ថៅកែទេ គេហៅថាម្ចាស់ឃ្លាំង លុះត្រាតែមានកម្មករធ្វើការជាមួយ ទើបហៅថា ម្ចាស់រោងចក្រ ឬម្ចាស់ក្រុមហ៊ុន ដូច្នេះត្រូវយកចិត្តទុកដាក់សុខមាលភាពរបស់កម្មករ»។
ចំពោះកម្មករវិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«ប្រសិនបើគ្មានរោងចក្រ បើគ្មានក្រុមហ៊ុន សហគ្រាសទេ យើងក៏គ្មានឈ្មោះថា ជាកម្មករដែរ។ ច្បាស់ណាស់ពេលនេះ ម៉ោងនេះយើងជាកសិករ ពីព្រោះថាប្រទេសយើងជាប្រទេសកសិកម្ម អ៊ីចឹងហើយបានជាខ្ញុំគួរនិយាយថា ហេតុអ្វីបានជារាជរដ្ឋាភិបាលចង់បានម្ល៉េះទៅលើការទាក់ទាញអ្នកវិនិយោគទាំងក្នុងប្រទេស ទាំងក្រៅប្រទេសមកកាន់កម្ពុជា »។
សម្តេចតេជោ ក៏បានបញ្ជាក់បន្ថែមថា «កសិកម្មតែមួយមុខមិនអាចធ្វើជាប្រទេសអ្នកមានបានទេ មិនអាចអភិវឌ្ឍទៅបានទេ ដូចជាទ្រឹស្ដី ប៉ុល ពត គឺមានស្រូវគឺមានអ្វីៗទាំងអស់ ដាក់ចេញផែនការឲ្យបានប៉ុណ្ណេះតោន ប៉ុណ្ណោះតោន ប៉ុន្តែទីចុងបំផុតប្រជាជនអត់បាយ»។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាឲ្យកម្មករ កម្មការិនី រួមគ្នារក្សាសន្តិភាព ពីព្រោះថា បើគ្មានសន្តិភាពទេ ក៏គ្មានអ្នកវិនិយោគ គ្មានការងារធ្វើដែរ៕