ភ្នំពេញ ៖ ទំហំទឹកប្រាក់នាំចេញរបស់កម្ពុជានៅដើមឆ្នាំ ២០២៣នេះ ឃើញថាមានការថមថយបន្តិចធៀបនឹងឆ្នាំ២០២២កន្លងទៅ ជាក់ស្ដែងក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៣នេះ ទំហំនៃការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់សរុបចំនួន៧.៣៣៤លានដុល្លារអាមេរិក ។ នេះបើតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញនៅព្រឹកថ្ងៃទី២៧ឧសភានេះ ។
សម្ដេចតេជោមានប្រសាសន៍ថា នៅក្នុងខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់ចំនួន ១.៨៤២លានដុល្លារអាមេរិក ដូច្នេះទឹកប្រាក់នាំចេញរបស់កម្ពុជា ទាំងវិស័យកាត់ដេរ ទាំងវិស័យកសិកម្ម វិស័យដទៃទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅតែមានការកើនឡើង និងត្រូវបង្កើនទំហំវាឱ្យកើនឡើងបន្តទៀត ។
សម្ដេចតេជោបន្ថែមថា ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការកែច្នៃនៅនឹងកន្លែង យើងនឹងទទួលផលកាន់តែច្រើនទៅលើតម្លៃបន្ថែមសម្រាប់កំលាំងពលកម្មនៅក្នុងប្រទេសកម្ពុជារួមទាំងតម្លៃបន្ថែមសម្រាប់កសិកររបស់យើងផងដែរ ។ យើងក៏ត្រូវរួមគ្នា ដោយមិនអាចមានតែផ្នែកណាធ្វើតែម្នាក់ឯងនោះទឹ គឺត្រូវរួមគ្នាធ្វើ ។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២៣នេះ ការនាំចេញរបស់កម្ពុជាធ្លាក់ចុះប្រមាណ៥ភាគរយធៀបនឹងរយៈពេលកាលពីឆ្នាំ២០២២ ប៉ុន្តែបើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មវិញថាការនាំចេញធ្លាក់ចុះបន្តិចបន្តួចនៅដើមឆ្នាំ មិនអាចវាយតម្លៃបានថាការនាំចេញប្រចាំឆ្នាំ នឹងធ្លាក់ចុះនោះទេ ជួលកាលការបញ្ជាទិញនៅដើមឆ្នាំមានតិច តែការបញ្ជាទិញនៅពាក់កណ្ដាលឆ្នាំឬនៅចុងឆ្នាំស្រាប់តែមានការកើនឡើងវិញក៏ថាបានដែរ ៕