Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញម្រេចកំពតកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅរយៈពេល៤ខែនេះ សម្រេចបានប្រមាណជាង ១៦តោន

Media LNN | May 29, 2023
ការនាំចេញម្រេចកំពតកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅរយៈពេល៤ខែនេះ សម្រេចបានប្រមាណជាង ១៦តោន
Clinic narith

ប្រធានសមាគមម្រេចកំពត បានអះអាងថា នៅរយៈពេល៤ខែដើមឆ្នាំ២០២៣នេះ ការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានត្រឹមតែប្រមាណជាង ១៦តោនប៉ុណ្ណោះ ដែលបរិមាណនាំចេញនេះ មិនមានការប្រែប្រួលទេបើធៀបទៅនឹងការនាំចេញនៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះយ៉ាងណា ប្រធានសមាគមម្រេចកំពត រំពឹងថា ការនាំចេញម្រេចកំពតសម្រាប់ពេញមួយឆ្នាំ២០២៣ នឹងមានការកើនឡើងជាងឆ្នាំ២០២២ ដ្បិតថា ប្រទេសចិនថ្មីៗនេះ ទើបតែបានអនុញ្ញាតឱ្យម្រេចកម្ពុជាអាចនាំចេញទៅប្រទេសចិនបាន។លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានអះអាងថា ការនាំចេញម្រេចកំពតកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅរយៈពេល៤ខែដើមឆ្នាំ២០២៣នេះ សម្រេចបានប្រមាណជាង ១៦តោន ដែលបរិមាណនាំចេញនេះ គឺប្រហាក់ប្រហែលនឹងកាលពីឆ្នាំ២០២២ដែរ។ យ៉ាងណាក៏ដោយចុះ សម្រាប់ការនាំចេញម្រេចកំពតនៅក្នុងឆ្នាំ២០២៣នេះ លោករំពឹងទុកថា នឹងមានការកើនឡើងជាងឆ្នាំ២០២២ ដោយសារមានក្រុមហ៊ុនថ្មីមួយចំនួន បានចុះកិច្ចសន្យាទិញលក់ម្រេចកំពតជាមួយកសិកររួចហើយ និងសម្រាប់ក្រុមហ៊ុនចាស់វិញ ក៏បានបន្ថែមសមាជិកកសិករ ក្នុងការបង្គ្រប់ទីផ្សារផងដែរ។ បើតាមលោក ងួន ឡាយ បច្ចុប្បន្នស្ថានភាពនៃការបញ្ជាទិញរវាងក្រុមហ៊ុន និងកសិករ ចាប់ផ្តើមមានការបញ្ជាទិញជាបន្តបន្ទាប់ ទៅតាមដំណាក់កាលនឹងគោលការណ៍ទីផ្សារក្រុមហ៊ុននីមូយៗ ហើយក៏នៅមានក្រុមហ៊ុនខ្លះមិនទាន់បានបញ្ជាទិញនោះទេ ដោយរង់ចាំមើលពីការត្រួតពិនិត្យនូវតឹកតាង គុណភាព និងបរិមាណ ពីអ្នកត្រួតពិនិត្យផ្ទៃក្នុង និងខាងក្រៅជាមុនសិន។

ជាងនេះទៅទៀត ប្រធានសមាគមម្រេចកំពតរូបនេះ បញ្ជាក់ឱ្យដឹងដែរថា ការដែលប្រទេសចិនបានអនុញ្ញាតឱ្យម្រេចកម្ពុជាអាចនាំចេញទៅប្រទេសចិនបានក៏នឹងអាចជាផ្នែកមួយជួយឲ្យការនាំចេញម្រេចកំពតកើនឡើងផងដែរ។ គួរជម្រាបថា ជាច្រើនឆ្នាំមកហើយ តម្លៃម្រេចកំពតដែលលក់លើទីផ្សារអន្តរជាតិនាពេលកន្លងមក គឺមានតម្លៃថេរ ដោយម្រេចខ្មៅមានតម្លៃ ១៥ ដុល្លារ រីឯម្រេចក្រហមមានតម្លៃ ២៥ ដុល្លារ និងម្រេចស មានតម្លៃ ២៨ ដុល្លារក្នុងមួយគីឡូក្រាម។

បើតាម លោក ងួន ឡាយ ចំពោះការដាំដុះម្រេចកំពតនៅឆ្នាំនេះ មិនសូវមានកសិករដាំថ្មីច្រើននោះទេ និងមានត្រឹមតែចំនួន១៣ គ្រួសារប៉ុណ្ណោះ ដែលបានដាក់ពាក្យសុំចូលជាសមាជិកសមាគមម្រេចកំពត ខណៈរហូតមកទល់ពេលនេះការប្រមូលផលម្រេចកំពតសម្រេចបានជាង ៥០% ហើយផងដែរ៕