យោងតាមឯកសារស្ដីពីយុទ្ធសាស្ត្រកសិកម្មថ្មីរបស់រដ្ឋាភិបាលវៀតណាម បានធ្វើការបង្ហាញពីវិធានការកាត់បន្ថយការនាំចេញអង្កររបស់ខ្លួនពី ៧,១ លានតោនក្នុងមួយឆ្នាំ មកនៅត្រឹម ៤ លានតោន នៅត្រឹមឆ្នាំ២០៣០។ បច្ចុប្បន្ននេះ វៀតណាមគឺជាប្រទេសដែលនាំចេញអង្ករច្រើនបំផុតលំដាប់ទី៣ របស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងថៃ។
យោងតាមសារព័ត៌មាន Reuters យុទ្ធសាស្ត្រកាត់បន្ថយការនាំចេញអង្ករនេះ គឺដើម្បីជំរុញការនាំចេញអង្ករដែលមានគុណភាពខ្ពស់ ធានាសន្តិសុខស្បៀងក្នុងស្រុក ការការពារបរិស្ថាន និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាលវៀតណាម ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
យោងតាមឯកសារដដែល បានឱ្យដឹងថា ប្រាក់ចំណូលនាំចេញអង្ករក៏នឹងធ្លាក់ចុះផងដែរ មកនៅត្រឹម ២,៦២ ប៊ីលានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ ដោយធ្លាក់ចុះពី ៣,៤៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២២។ កាលពីថ្ងៃសៅរ៍ ឈ្មួញទិញលក់ទិន្នផលស្រូវម្នាក់នៅទីក្រុងហូជីមិញ បាននិយាយថា «បើទោះបីជាការធ្វើកសិកម្មដាំដុះស្រូវនៅប្រទេសវៀតណាមកំពុងធ្លាក់ចុះដោយសារតែការប្រែប្រួលអាកាសធាតុ ហើយកសិករមួយចំនួនកំពុងប្តូរពីដំណាំស្រូវទៅដំណាំផ្សេង ក៏ដូចជាប្រកបមុខរបរចិញ្ចឹមបង្កងក៏ដោយ យុទ្ធសាស្ត្រកសិកម្មរបស់រដ្ឋាភិបាលនេះ ហាក់បីដូចជារាងជ្រុលហួសហេតុបន្តិច»។
ឈ្មួញរូបនេះបានបន្តថា៖«កសិករមួយចំនួននៅតំបន់ដីសណ្ដទន្លេមេគង្គកំពុងងាកពីការដាំដុះស្រូវទៅរកការធ្វើចម្ការផ្លែឈើ ដាំស្វាយ ក្រូចថ្លុង ខ្នុរ និងទុរេនជាដើម ប៉ុន្តែភាគច្រើន នៅតែត្រូវពឹងផ្អែកលើកសិកម្មដាំដុះស្រូវដដែល»។
គួរដឹងដែរថា និន្នាការឆ្ពោះទៅរកមុខរបរបើកកសិដ្ឋានចិញ្ចឹមបង្កងបាននិងកំពុងកើនឡើងខ្លាំងនៅតាមតំបន់មេគង្គនេះអស់ជាច្រើនឆ្នាំមកហើយ។ ការកើនឡើងនេះគឺដោយសារតែការកើនឡើងនៃទឹកសមុទ្រ បង្កឡើងដោយបម្រែបម្រួលអាកាសធាតុ និងនាំមកនូវការបង្កើនជាតិប្រៃនៅតំបន់ដីសណ្ដមេគង្គ។
បន្ថែមលើនេះ វៀតណាមនឹងធ្វើពិពិធកម្មទីផ្សារនាំចេញអង្កររបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើទីផ្សារក្នុងប្រទេសតែមួយ។ ជាក់ស្ដែង ប្រទេសហ្វីលីពីន ជាប្រទេសទីផ្សារអង្ករធំបំផុតរបស់ប្រទេសវៀតណាម ពោលគឺស្មើនឹង ៤៥ ភាគរយនៃការនាំចេញអង្ករសរុបរបស់វៀតណាមកាលពីឆ្នាំ២០២២ កន្លងទៅ។
កាលពីដើមខែឧសភានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានប្រាប់ទៅកាន់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) ក្នុងកិច្ចប្រជុំថ្នាក់តំបន់នៅប្រទេសឥណ្ឌូនេស៊ីថា ប្រទេសវៀតណាមមានគោលបំណងផ្គត់ផ្គង់អង្ករដល់ប្រទេសហ្វីលីពីនក្នុងរយៈពេលវែង និងក្នុងតម្លៃមួយដែលសមរម្យ។
នៅឆ្នាំ២០២៥ ការនាំចេញអង្កររបស់វៀតណាម ៦០ ភាគរយនឹងត្រូវដឹកជញ្ជូនទៅកាន់ទីផ្សារអាស៊ី ២២ ភាគរយទៅកាន់អាហ្វ្រិក ៧ ភាគរយទៅកាន់សហរដ្ឋអាមេរិក ៤ ភាគរយទៅកាន់មជ្ឈិមបូព៌ា និង ៣ ភាគរយទៅទ្វីបអឺរ៉ុប នេះបើយោងតាមឯកសារស្ដីពីយុទ្ធសាស្ត្រខាងលើ។ យ៉ាងណាមិញ សមាគមស្បៀងអាហារវៀតណាម ឬហៅកាត់ថា VFA ដែលជាសមាគមតំណាងឱ្យក្រុមហ៊ុនសហគ្រាសកែច្នៃអង្ករ និងក្រុមហ៊ុននាំចេញអង្ករ មិនបានធ្វើការឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ។
ជាថ្មីម្ដងទៀត រដ្ឋាភិបាលវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមនឹងផ្តោតលើការផលិតអង្ករក្រអូប និងអង្ករដំណើបដែលមានគុណភាពខ្ពស់ និងព្យាយាមកាត់បន្ថយការផលិតគ្រាប់ធញ្ញជាតិដែលមានគុណភាពទាបមកនៅត្រឹម ១៥ ភាគរយនៃទិន្នផលសរុបនៅឆ្នាំ២០២៥ និងរហូតដល់ ១០ ភាគរយនៅឆ្នាំ២០៣០។
ឈ្មួញទិញលក់អង្ករម្នាក់ទៀតនៅខេត្តអាន់ហ្គាង (An Giang) បានលើកឡើងថា «យុទ្ធសាស្ត្រនេះទំនងជាមិនអាចទៅរួចនោះទេ ព្រោះផលិតកម្មស្រូវអាស្រ័យទៅលើការផ្គត់ផ្គង់ និងតម្រូវការ មិនមែនអាស្រ័យទៅលើការសម្រេចរបស់រដ្ឋាភិបាលនោះទេ»។ យោងតាមទិន្នន័យគយរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញថា ការនាំចេញអង្ករពីប្រទេសវៀតណាមក្នុងរយៈពេល ៤ ខែដំបូងក្នុងឆ្នាំនេះ បានកើនឡើងដល់ ២,៩ លានតោន ស្នើនឹង ៤០,៧ ភាគរយបើធៀបនឹងឆ្នាំមុន៕