(ភ្នំពេញ)៖ មួយសប្ដាហ៍ខាងមុខនេះ កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ស្ថានភាពបែបនេះធ្វើឱ្យតំបន់មួយចំនួនអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នេះបើយោងសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។
សេចក្តីជូនដំណឹងដដែលបានបន្ថែមថា ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥ដល់២៧ អង្សាសេ, សីតុណ្ហភាពអតិបរមាពី ៣៣ដល់៣៥ អង្សាសេ, អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២៤ ដល់២៦ អង្សាសេ, សីតុណ្ហភាពអតិបរមាពី ៣២ដល់៣៤ អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៣ដល់២៥ អង្សាសេ, សីតុណ្ហភាពអតិបរមាពី ៣០ដល់៣២ អង្សាសេ និងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែក នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់។ ជាមួយគ្នានេះ ក្រសួងអំពាវនាវឱ្យមានការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕