ភ្នំពេញ៖ ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ ប៊ីយ៉ាការ៉ុម ៣បាំង អ្នកស្រី ស្រួង ភាវី ប្រកាសថា ប្រាក់ដែលទទួលបានពីធ្វើទូតសុឆន្ទៈឲ្យក្រុមហ៊ុនអាកាសចរណ៍ Sky Angkor នឹងបង្វិលទៅកិច្ចការសប្បុរសធម៌ និងសម្រាប់ជួយធានាបងប្អូន ដែលគ្មានលទ្ធភាពទៅព្យាបាលជំងឺនៅប្រទេសកូរ៉េ។
កីឡាការិនី ស្រួង ភាវី បានរៀបរាប់ថា «សូមជម្រាបពុកម៉ែបងប្អូន! នាងខ្ញុំបានចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍ស្កាយអង្គរ SKY ANGKOR ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន។ ការចុះកុងត្រានេះខ្ញុំមិនយកប្រាក់សម្រាប់ខ្លួនឯងទេគឺខ្ញុំបានបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ។ គឺថាប្រសិនបើខ្ញុំត្រូវមានកិច្ចការសប្បុរសធម៌ត្រូវធ្វើ ឬមានប្អូនៗក៏ដូចជាប្រជាជនខ្មែរយើងដែលមានជីវភាពខ្វះខាត ហើយត្រូវបានអង្គការសប្បុរសធម៌របស់នាងខ្ញុំធានាពួកគាត់មកព្យាបាលជំងឺនៅប្រទេសកូរ៉េគឺមិនតម្រូវឱ្យយកប្រាក់ពីពួកគាត់ឡើយ»។
កីឡាការិនីរូបនេះ បានបន្ដទៀតថា «ការស្នើលក្ខខណ្ឌរបស់នាងខ្ញុំនេះគឺបានខាងក្រុមហ៊ុនទទួលយល់ព្រមដោយសេចក្ដីសោមនស្សរីករាយទាំងអស់គ្នា។ ខ្ញុំមានខ្លួនតែមួយរាល់កិច្ចការដែលខ្ញុំទទួលធ្វើទាំងអស់គឺជាអម្រែកដ៏ធំធេងប៉ុន្តែការលះបង់ទាំងប៉ុន្មានរបស់ខ្ញុំវាមានតម្លៃធំធេងពេកសម្រាប់ប្រទេសក៏ដូចជាប្រជាជនខ្ញុំទើបធ្វើឱ្យខ្ញុំញញឹមទទួលធ្វើទាំងដឹងថាវាជាអម្រែកដ៏ធំធេង»។
សូមបញ្ជាក់ថា មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បានស្ងើចសរសើរកីឡាការិនី ស្នូកឃ័រ និងប៊ីយ៉ា ស្រួង ភាវី ដែលដណ្ដើមបានមេដាយមាស និងមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ព្រោះតែថវិកាដែលនាងទទួលបានពីការប្រកួតទាំងប៉ុន្មាន គឺនាងយកប្រាក់របស់នាងទាំងអស់ យកទៅចូលមូលនិធិធ្វើសប្បុរសធម៌ ទៅដល់ក្មេងៗក្រីក្រ នៅក្នុងមណ្ឌលកុមារកំព្រា ត្រូវការជំនួយចាំបាច់ក្នុងការស្វែងរកការរៀនសូត្រ ក្រេបយកចំណេះដឹង ទៅអនាគតផងដែរ៕