Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទុរេនកំពតសម្រេចបានការប្រមូលផលជាង ៣០%ហើយ ខណៈតម្លៃទីផ្សារអាចលក់បានក្នុងតម្លៃល្អជាងឆ្នាំមុន

Media LNN | May 31, 2023
ទុរេនកំពតសម្រេចបានការប្រមូលផលជាង ៣០%ហើយ ខណៈតម្លៃទីផ្សារអាចលក់បានក្នុងតម្លៃល្អជាងឆ្នាំមុន
Clinic narith

មន្ត្រីមន្ទីរកសិកម្មខេត្តកំពតអះអាងថា បច្ចុប្បន្នទុរេនកំពតសម្រេចបានការប្រមូលផលជាង ៣០%ហើយ ខណៈតម្លៃទីផ្សារទុរេនកំពតនៅឆ្នាំនេះក៏អាចលក់បានក្នុងតម្លៃល្អជាងឆ្នាំមុនដែរ ពោលគឺអាចលក់បានចម្លោះពី ២ម៉ឺនរៀល ទៅ២ម៉ឺន៥ពាន់រៀល ក្នុងមួយគីឡូក្រាមទៅតាមប្រភេទពូជខុសៗគ្នា។ យ៉ាងណាមិញ បើតាមមន្ត្រីកសិកម្មខេត្តកំពត បច្ចុប្បន្នមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បាននិងកំពុងធ្វើការរៀបចំចងក្រងជាសមាគមទុរេនកំពត ដើម្បីធ្វើឱ្យទុរេនកំពតអាចឈានដល់ការចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ (GI) នៅពេលខាងមុខនេះ។

អនុប្រធានការិយាល័យរដ្ឋបាលមន្ទីរកសិកម្មខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ទុរេនកំពតចាប់ផ្តើមប្រមូលផលបានប្រមាណជាង៣០% ហើយ ខណៈទិន្នផលទុរេនកំពតនៅឆ្នាំនេះ ហាក់មិនសូវខុសគ្នានឹងឆ្នាំមុនៗនោះទេ ដោយជាមធ្យមអាចប្រមូលផលបានក្នុងរង្វង់១៥តោនក្នុងមួយហិចតា។ ដោយឡែក ចំពោះទំហំផ្លែទុរេនកំពតឆ្នាំនេះហាក់មានទំហំតូចៗជាងឆ្នាំមុន ដោយសារតែបញ្ហាអាកាសធាតុ នៅដើមរដូវមិនសូវមានភ្លៀងធ្លាក់ច្រើន។

បើតាមមន្ត្រីមន្ទីរកសិកម្មខេត្តកំពតរូបនេះ បច្ចុប្បន្នលំហូរចូលនៃទុរេនពីប្រទេសជិតខាងក៏កំពុងបង្កឱ្យមានផលប៉ះពាល់ ទៅដល់តម្លៃទុរេននៅក្នុងស្រុកដែរ ដ្បិតទុរេននាំចូលពីប្រទេសជិតខាងមានតម្លៃទាបជាង។ យ៉ាងណាក៏ដោយចុះ ចំពោះតម្លៃទីផ្សារទុរេនកំពតនៅឆ្នាំនេះ លោក តេង វ៉ាន់ធឿន អះអាងថា ហាក់នៅមានតម្លៃល្អជាងឆ្នាំមុន ពោលគឺអាចលក់បានក្នុងតម្លៃចន្លោះពី ២ម៉ឺនរៀល ទៅ២ម៉ឺន៥ពាន់រៀល ក្នុងមួយគីឡូក្រាម ទៅតាមប្រភេទពូជនីមួយៗ។

បើតាមមន្រ្តីកសិកម្មរូបនេះ បច្ចុប្បន្នមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បាននិងកំពុងធ្វើការរៀបចំចងក្រងជាសហគមទុរេនកំពត ឱ្យដូចទៅនឹងសមាគមម្រេចកំពតផងដែរ ដើម្បីធ្វើឱ្យទុរេនកំពតអាចឈានដល់ការចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ (GI) នៅពេលខាងមុខនេះ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកឧកញ៉ា ចាន់ ស៊ីថា ម្ចាស់សហគ្រាសផលិតទឹកត្រី ង៉ូវ ហេង កំពត និងជាម្ចាស់ចម្ការទុរេនធំមួយនៅខេត្តកំពតបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននៅក្នុងទីផ្សារទុរេនកំពតមានឈ្មួញមួយចំនួនលួចបន្លំទុរេនកំពតលក់ឱ្យអតិថិជនដែលពួកគាត់មិនដឹង ដែលបានធ្វើឱ្យខូចកេរ្ត៍ឈ្មោះផលិតផលទុរេនកំពត និងធ្វើឱ្យប៉ះពាល់ដល់តម្លៃទុរេនកំពតផងដែរ។ ទោះយ៉ាងណា លោកឧកញ៉ា ចាន់ ស៊ីថា អះអាងថា តម្លៃទុរេនដើមរដូវឆ្នាំនេះមានតម្លៃល្អជាងឆ្នាំមុន។ ជាងនេះទៅទៀត លោកឧកញ៉ា ចាន់ ស៊ីថា ក៏បានបង្ហាញនូវក្តីរំពឹងចំពោះទីផ្សារទុរេនកំពត ប្រសិនជាបានចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ (GI) នៅពេលខាងមុខនោះ ព្រោះវានឹងផ្តល់ទំនុកចិត្តដល់អតិថិជន។

សូមបញ្ជាក់ថា តាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តកំពត បានបង្ហាញថា គិតមកទល់ពេលនេះ ផ្ទៃដីដាំដុះទុរេននៅក្នុងខេត្តកំពតមានចំនួនប្រមាណជាង ១ពាន់៧រយហិចតា ដែលជាមធ្យមអាចប្រមូលផលបានប្រមាណ១៥ តោនក្នុងមួយហិចតាផងដែរ៕